ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះជិត២ពាន់ខ្នង និងប៉ះពាល់ពលរដ្ឋជិត២ពាន់គ្រួសារ ត្រូវជំនន់ទឹកភ្លៀងវាយប្រហារ បណ្ដាលឱ្យលិច, អាជ្ញាធរខេត្តចេញអន្តរាគមន៍យ៉ាងសកម្ម ទាំងភ្លៀងធ្លាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះបានវាយប្រហារប៉ះចំភូមិសាស្ត្រឃុំអូរជ្រៅ ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្ដូងថ្ម ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំជើងគោ ឃុំវាលរេញ និងឃុំរាម ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបចំនួន ៧,៩៥៤នាក់។ ក្រៅពីនេះ វាក៏បានធ្វើឱ្យផ្លូវជាច្រើនខ្សែសរុប ៧,១៧០ម៉ែត្រ រងនូវការខូចខាតផងដែរ។

បើត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានវាយប្រហារលើភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឱ្យផ្ទះសម្បែងសរុបចំនួន ១,៩៥៥ខ្នង រងការលិចលង់ជាបន្តបន្ទាប់ និងបានធ្វើឱ្យប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋសរុបចំនួន ១,៩៥៨គ្រួសារ។

ក្នុងរបាយការណ៍ក៏បានឱ្យដឹងដែរថា ៖  កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចម្រុះខាងលើក៏បានជួយជម្លៀសប្រជាពលរដ្ឋបានចំនួន ៤៧៥នាក់ ក្នុងនោះមានក្មេងចំនួន ២១៩នាក់ ទៅកាន់ទីទួលមានសុវត្ថិភាព ព្រមទាំងបានផ្គត់ផ្គង់អាហារហូបចុក គ្រឿងឧបភោគ-បរិភោគយ៉ាងយកចិត្តទុកដាក់ ខណៈប្រតិបត្តិការនេះក៏នៅតែបន្តធ្វើជាបន្តបន្ទាប់ផងដែរ។

ឆ្លើយតបនឹងបញ្ហាដែលកើតឡើងដោយសារគ្រោះធម្មជាតិនេះ អាជ្ញាធរខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពខេត្ត រួមជាមួយកងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាជើងទឹក-ជើងគោក និងមន្ត្រីរាជការជាច្រើនរាប់រយនាក់ បានចេញអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ដោយបានជម្លៀសប្រជាពលរដ្ឋ និងដឹកជញ្ជូនសម្ភារៈនានាទៅកាន់ទីទួលមានសុវត្ថិភាព៕

ដោយ៖ សិលា


ចែករំលែក៖