ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ពេលនេះបានបាត់បង់ងារជាម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សមួយទៀត

ចែករំលែក៖

អន្តរជាតិ៖ សហគមន៍អ្នកតំណាងរាស្ត្ររបស់សហភាពាអឺរ៉ុប បានសម្រេចព្យួរម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស (Sakharov Prize) និង ដកប្រមុខដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ចេញសហគមន៍អ្នកការពារសិទ្ធិមនុស្សមួយទៀត ជាផ្លូវការហើយ

ជាក់ស្តែងនាពេលថ្មីៗនេះ នៅក្នុងសន្និបាតសភារបស់សហភាពអឺរ៉ុបបានសម្រេចជាផ្លូវការក្នុងការព្យួរងារជាម្ចាស់ពានរង្វាន់ Sakharov Prize ពីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជាប្រមុខបក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រីអ៊ុងសាន ស៊ូជី ពីសហគមន៍ម្ចាស់រង្វាន់Sakharov Prize នេះបើ យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់សភាអឺរ៉ុបចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។

បើយោងតាមរយៈសេចក្តីសម្រេចដដែលនោះ បានបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានព្យួរងារ និងមិនត្រូវរាប់បញ្ចូលរាល់គ្រប់កម្មវិធី និងសកម្មភាពទាំងអស់របស់សហគមន៍ម្ចាស់ពានរង្វាន់ Sakharov Prize ក៏ដោយសារតែលោកស្រី បានបរាជ័យក្នុងការអនុវត្តចំណាត់ការ និងដោះស្រាយបទឧក្រិដ្ឋប្រឆាំងនឹងសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។

សូមជម្រាបថា សហគមន៍ម្ចាស់ពានរង្វាន់ Sakharov Prize គឺជាក្រុមអ្នកនយោបាយនៅក្នុងសភាអឺរ៉ុប ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ដើម្បីជាវេទិកាមួយផ្សារភ្ជាប់ សមាជិកសភាអឺរ៉ុប ជាមួយនឹងម្ចាស់ពានរង្វាន់និងសង្គមស៊ីវិលក្នុងការគោលដៅបង្កើនកិច្ចសហប្រតិបត្តិការលើសកម្មភាពសិទ្ធិមនុស្ស។ វា ជាវេទិកាសម្រាប់សភា និងម្ចាស់ពានរង្វាន់ ដោះស្រាយការបំពាន និងបញ្ហាសិទ្ធិមនុស្សរួមគ្នា។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានសភាអឺរ៉ុប ផ្តល់ពាននេះ នៅឆ្នាំ១៩៩០នៅពេលលោកស្រី នៅជាមេដឹកបក្សប្រឆាំងមីយ៉ាន់ម៉ា ដែលពេលនោះលោកស្រី គឺជាអ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ាដ៏មុះមុតបំផុត។ព្រោះកន្លងមកសភាសហភាពអឺរ៉ុប បានផ្តល់ពានរង្វាន់Sakharov Prize ទៅកាន់បុគ្គល ឬអង្គការទាំងឡាយណា ដែលបានចូលរួមទាមទារ និងការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី បើគិតចាប់ពីវិបត្តិរ៉ូហ៊ីងយ៉ាផ្ទុះឡើងនៅចុងឆ្នាំ២០១៧មក លោកស្រីត្រូវបានគេស្គាល់ថា៖ ជាមេដឹកនាំកំពូលពីក្រោយនៃរដ្ឋាភិបាលស៊ីវិលបច្ចុប្បន្ន បានបាត់បង់កេរ្តិ៍ឈ្មោះក្នុងឆាកអន្តរជាតិដោយសារតែបញ្ហាសិទ្ធិមនុស្សដ៏ស្មុគស្មាញក្នុងប្រទេស។ លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានអង្គការសិទ្ធិមនុស្សមួយចំនួន បានដក និងបញ្ចប់សុពលភាពងារ ក៏ដូចជាពានរង្វាន់សិទ្ធិមនុស្សដែលធ្លាប់ផ្តល់ឲ្យលោកស្រីជាបន្តបន្ទាប់៕

ដោយ៖ស តារា


ចែករំលែក៖