ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះទម្លាក់គ្រាប់បែកTu-160 របស់រុស្ស៊ី ហោះហើរចម្ងាយផ្លូវវែងបំផុតលើពិភពលោក

ចែករំលែក៖

មេបញ្ជាការកងទ័ពអាកាសរុស្ស៊ី ឧត្តមសេនីយ៍ឯក Sergey Kobylash បានបញ្ជាក់ថា កាលពីថ្ងៃទី​១៩ខែកញ្ញា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី Tu-160 បានបំបែកឯតទគ្គកម្មពិភពលោក​​ជាយន្តហោះទម្លាក់គ្រាប់ដែលហោះហើរឆ្ងាយបំផុត។
ឧត្តមសេនីយ៍ឯក Sergey Kobylashបានបញ្ជាក់ថា «ក្រុមហោះហើរមកពីកម្លាំងទាហានអាកាសរុស្ស៊ីបានបំបែក​ឯតទគ្គកម្មពិភពលោក​​ ដោយយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនប្រភេទTu-160 បានហោះហើរដល់ទៅ​២៥ម៉ោងជាប់គ្នា​ឆ្លងកាត់ចម្ងាយផ្លូវដល់ទៅ​២ម៉ឺនគីឡូម៉ែត្រ។
ឧត្តមសេនីយ៍ឯក Sergey Kobylash បានបញ្ជាក់ទៀតថា មកទល់ពេលនេះមិនទាន់មានយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនណាអាចបំបែកឯតទគ្គកម្មពិភពលោក​ដូចជាយន្តហោះ ​Tu-160 របស់រុស្ស៊ីឡើយ ។ កាលពីឆ្នាំ​២០១០យន្តហោះទម្លាក់គ្រាប់បែកខាងលើ ក៏ហោះហើរបានដល់ទៅ​២៤ម៉ោង និង​២៤នាទី​ដែរ។
ក្រសួងការពារជាតិរុស្សីបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកTu-160 បានហោះហើរឆ្លងកាត់ដែនសមុទ្រនៅតំបន់ប៉ូលខាងជើង និងប៉ាស៊ីហ្វិក ដូចជាដែនសមុទ្រ Kara, Laptev, Siberia, Chukchi និង Barents ហើយវិលត្រឡប់មកចុះចតវិញនៅអាកាសយានដ្ឋាន​Engels ដោយសុវត្ថិភាព។
ក្រសួងការបរទេសរុស្ស៊ី​បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រប់បែកTu-160ត្រូវបានចាក់សាំង​៣លើកនៅលើដែនអាកាស ពីយន្តហោះចាក់សាំង IL-78 ដល់ទៅ​៦គ្រឿង៕ដោយ៖ធី រីណា


ចែករំលែក៖