ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង ណែនាំឱ្យផ្អាកដំណើរការរមណីយដ្ឋានមួយចំនួន និងអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាទឹកជំនន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ជូនដំណឹងឱ្យដឹងថា៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុ ដែលសង្កេតឃើញថា ខ្យល់មូសុងនិរតីបានបង្កើនល្បឿនយ៉ាងលឿនបក់មកលើប្រទេសកម្ពុជា ទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាបនៅលើសមុទ្រប៉ាស៊ីហ្វិកនិងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចក្លាយទៅជាកូន ព្យុះមួយ។

ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង សូមធ្វើការណែនាំដល់លោក លោកស្រីម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំ ដងស្ទឹង បឹងបួរ អោយផ្អាកដំណើរការបណ្តោះអាសន្ន ជាបន្ទាន់ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០រហូត ដល់ថ្ងៃជូនដំណឹងសារជាថ្មី ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

ទទួលបានសេចក្តីជូនដំណឹង លោក លោកស្រីម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំ ដងស្ទឹង បឹងបួរ ត្រូវយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

បើលោក លោកស្រីម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំដងស្ទឹង បឹងបួរ ណាដែល មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ត្រូវទទួលខុសត្រូចំពោះមុខច្បាប់៕

 

ដោយ៖ សិលា


ចែករំលែក៖