ខេត្តកំពង់ស្ពឺ៖ លោកស្រី ឌី សុខីទីឃាយុកោ ភរិយា លោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតាចុះទៅប្រគល់ផ្ទះទេវតាចំនួន០៣ខ្នងជាបន្តទៀតជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹងនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២០ ដែលពិធីនេះក៏មានការចូលរួមពីអាជ្ញាដែនដីផងដែរ។
១- ផ្ទះលេខ២៨៣ ប្រគល់ជូន លោកយាយប្រាក់ នៅ មានអាយុ៧៥ឆ្នាំ រស់ភូមិគោល ឃុំមនោរម្យ ស្រុកថ្ពងខេត្តកំពង់ស្ពឺ ជាអំណោយរបស់លោក ហ៊ីវ គឹមហេង និងលោកស្រី លឹម ស្រីពៅ។
២- ផ្ទះលេខ ២៨៤ ប្រគល់ជូន អ្នកមីង ជិន សម្បត្តិ មានអាយុ៦២ឆ្នាំ រស់ នៅភូមិចំបក់ផ្អែម ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់ លោក ហេង ណន និងលោកស្រី ហ៊ីវ រតនា។
៣- ផ្ទះលេខ២៨៥ ប្រគល់ជូនលោកយាយ ហ៊ុន ផាន មានអាយុ៧៨ឆ្នាំ និងលោកតា ហ៊ុន ហឿន មានអាយុ៧៦ឆ្នាំ រស់នៅភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយរបស់លោក វណ្ណហុង និងលោកស្រី អុីមផាន វណ្ណឌី ។
ក្នុងពិធីប្រគល់ផ្ទះទេវតានេះដែរ លោកស្រី បានពាំនាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ លោកស្រីក៏បានមានប្រសាសន៍ឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ពីសុខភាពប្រចាំថ្ងៃ ជាពិសេសអនុវត្តការលាងដៃជាប់ជាប្រចាំ និងពាក់ម៉ាស់ផងដែរ ដើម្បីការពារជំងឺកូវីដ-១៩។
លោកតា លោកយាយដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួល អំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ លោកស្រី និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចទាំងពីរជូនដល់លោកតា លោកយាយ និងក្មួយៗសិស្សានុសិស្សដែលបាន ចូលរួមអបអរសាទរពិធីប្រគល់ផ្ទះទេវតានេះដែរ អំណោយផ្តល់ជូនរួមមាន៖ សម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់, ជែលលាងដៃ, សាប៊ូលាងដៃ និងថវិកាមួយចំនួន៕
ដោយ៖ សិលា