ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុស ស្រី ០២នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ភ្លើងឆាបឆេះដបសាំងនិងរោងលក់គុយទាវបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍ភ្លើងឆាបដបសាំង និងរោងលក់គុយទាវនេះបានកើតឡើងនៅវេលាម៉ោង០៤និង១៨នាទីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែរលានហាលដំឡូងមី ស្ថិតក្នុងភូមិគោកព្រិច ឃុំគោករមៀត ស្រុកថ្មពួក ។
លោក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ក្មេងរងរគ្រោះក្នុងហេតុការណ៍ឆេះរោងគុយទាវ ម្នាក់ឈ្មោះ យ៉ាន់ លីយ៉េន ភេទប្រុសអាយុ០៧ឆ្នាំ របួសធ្ងន់និងម្នាក់ទៀតឈ្មោះ ឆាត គឹមឆាយ ភេទស្រីអាយុ០៣ឆ្នាំរបួសស្រាល ក្មេងទាំង០២នាក់ រស់នៅភូមិគោកព្រិច ឃុំគោករមៀត ស្រុកកថ្មពួក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកុមារនៅខេត្តសៀមរាប។
លោកបញ្ជាក់ថា៖នៅមុនពេលកើតហេតុ មានកុមារម្នាក់ឈ្មោះ យ៉ាន់ លីយ៉ុង ភេទប្រុសអាយុ១១ឆ្នាំ ត្រូវជាចៅរបស់ម្ចាស់រោងគុយទាវដែលមានម្ចាស់ឈ្មោះ ដែង ង៉ាម ភេទស្រីអាយុ៥៦ឆ្នាំ បានបូមប្រេងសាំងដាក់ដបលក់ នៅពេលកំពុងតែបូមសាំងដាក់ដប ក្មេងនោះបានខិតដែកកេះដុតខ្សែនាឡិកាដៃលេង ស្រាប់ពេលនោះភ្លើងបានឆាបឆេះរោងគុយទាវនិងក្មេងប្រុសម្នាក់ដែលអង្គុយក្បែរនោះ និងក្មេងស្រីកំពុងដេកនៅលើអង្រឹងក្បែរនោះ ត្រូវរងរបួសធ្ងន់ ស្រាល ចំណែកក្មេងអ្នកដុតមិនមានរងគ្រោះថ្នាក់អ្វីទេ។
លោកបញ្ជាក់ទៀតថា ដោយលឺចៅៗដែលរងរបួសស្រែកយំ ឈ្មោះដែង ង៉ាម បានរត់គេចមកក្រៅឃើញភ្លើងឆាបឆេះរោងគុយទាវ ក៏ស្រែកហៅឲ្យអ្នកជិតខាងជួយពន្លត់ទាន់ពេលគួបផ្សំនឹងមេឃរលឹមធ្លាក់ភ្លៀងផង ។
បណ្តាលខូចខាតតែជញ្ជាំងស័ង្កសីនិងសម្ភារៈបន្តិចបន្តួច និង នាំក្មេងទាំង០២នាក់ទៅព្យាបាលនៅមន្ទីរពេទ្យកុមារនៅខេត្តសៀមរាបភ្លាមៗផងដែរ៕ ដោយ៖ វណ្ណា