ខេត្តប៉ៃលិន ៖ ស្ត្រីជាពលករខ្មែរម្នាក់ បានបាត់ខ្លួនដោយដើរឆ្លងតាមទឹកអូរដែលកំពុងហូរខ្លាំងរួចរសាត់បាត់ ខណៈមនុស្សបុរសស្រី១១នាក់ឆ្លងដែនពីប្រទេសថៃចូលមកក្នុងទឹកដីប្រទេសកម្ពុជាវិញស្រាប់តែជួបគ្រោះអកុសលគួរឱ្យអាណោចអាធ័ម ស្ត្រីម្នាក់រសាត់បាត់តែម្តង ។
បើតាមសមត្តកិច្ចនគរបាលការពារព្រំដែនបានឱ្យដឹងថា÷ហេតុការណ៍ពលករដើរឆ្លងទឹកអូររសាត់បាត់ខ្លួនស្ត្រីម្នាក់នេះក្នុងចំណោម១១នាក់ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចល្បាតទី១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ៖ នៅល្ងាចថ្ងៃកើតហេតុគេឃើញពលករខ្មែរចំនួន១១នាក់ ឆ្លងដែនពីថៃ ខណៈទឹកអូរដែលកំពុងជន់ ពីប្រទេសថៃ ដោយឆ្លងផុតបានចំនួនតែ០៩នាក់ និងម្នាក់ទៀតនៅត្រើយខាងប្រទេសថៃនៅឡើយ ។
ប្រភពបន្តទៀតថា÷ ជនរងគ្រោះ ដែលហូរទៅតាមទឹកមាន ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ មានស្រុកកំណើត រស់នៅភូមិស្វាយមាស សង្កាត់កណ្តោលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃព្រោះទឹកហូរបុកខ្លាំង ក៏លែងចានដែកចោល ដែលជនរងគ្រោះកំពុងជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់តែម្តង ។ ចំណែកប្តីជនរងគ្រោះ ឈ្មោះ ហោ ឆេន អាយុ៤៣ ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) មានកូនស្រីឈ្មោះ ឆេន ដានេត អាយុ ១៥ឆ្នាំ (បានឆ្លងផុតមកខាងកម្ពុជា) ។
បច្ចុប្បន្នសពជនរងគ្រោះកម្លាំងការពារព្រំដែនកំពុងរុករកតាមដងអូរហើយក៏មិនទាន់អណ្តែតនៅឡើយទេ ៕
ដោយ៖ ស សារ៉េត