ភ្នំពេញ ៖ ក្រុមក្មេងទំនេីងប្រុសស្រី៥នាក់ ត្រូវសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកងសន្តិសុខឃាត់ខ្លួនរួមទាំងដកហូតម៉ូតូ៤គ្រឿង ក្រោយពីបង្កបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ដោយវ៉ៃតប់គ្នាមុខស្ថានទូតថៃ ក្នុងនោះក៏មានបក្ខពួកមួយចំនួនទៀតជិះម៉ូតូគេចបាត់ស្រមោល ។ ការឃាត់ខ្លួនក្មេងទំនេីងខាងលេីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងទំនេីងខាងលើមានគ្នាប្រមាណជាង១០នាក់ ជិះម៉ូតូ៦ទៅ៧គ្រឿងបានវាយតប់គ្នានៅម្តុំស្ថានទូតថៃ ដោយមានការសង្ស័យទើបសមត្ថកិច្ចហៅឈប់មិនព្រមឈប់ ក៏ប្រដេញរហូតដល់ក្នុងកោះពេជ្រទើបសហការជាមួយកងសន្តិសុខប្រចាំក្នុងកោះពេជ្រ ឃាត់ខ្លួនបានចំនួន៥នាក់ (ស្រី១នាក់) និងដកហូតម៉ូតូចំនួន៤គ្រឿងរួចនាំទៅសាកសួរ នៅស្នាក់ការសន្តិសុខតែម្ដង ។
បច្ចុប្បន្ន យុវជនទំនេីងប្រុសស្រីទាំង៥នាក់ខាងលេី រួមទាំងម៉ូតូ៤គ្រឿង ត្រូវបានដឹកបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដេីម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ភារ៉ា ដង្កោ