ព័ត៌មានទាន់ហេតុការណ៍៖

ខួប​៧៥ឆ្នាំ អង្គការសហប្រជាជាតិ​ បានអំពាវនាវដល់ពិភពលោករួបរួមគ្នា

ចែករំលែក៖

អន្តរជាតិ៖ថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ​ទាំង​​១៩៣​ប្រទេស​ នៅថ្ងៃទី​២១ខែកញ្ញានេះ បានជួបប្រជុំគ្នាជាពិសេស​ក្នុងឱកាសខួបគម្រប់​៧៥ឆ្នាំថ្ងៃបង្កើតអង្គការនេះ។
កិច្ចប្រជុំពិសេសគឺជាការបើកផ្លូវសម្រាប់សប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាត អង្គការសហប្រជាជាតិ​លើកទី​៧៥។ ប៉ុន្តែកិច្ចប្រជុំលើកនេះខុសប្លែកពីរាល់ឆ្នាំ​គឺប្រជុំអនឡាញធំបំផុត មិនធ្លាប់មាន ដោយសារតែ​ការឆ្លងរាលដាលកូវីដ​-១៩ ។
នៅក្នុងមហាសន្និបាតលើកនេះ មេដឹកនាំជុំវិញពិភពលោក នឹងផ្ញើឃ្លីបវីដេអូ​​ស្តីពីសុន្ទរកថារបស់ថ្នាក់ដឹកនាំប្រទេសនីមួយៗ ជំនួសដល់ការថ្លែងនៅទីស្នាក់ការអង្គការសហប្រជាជាតិ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេលបើកកិច្ចប្រជុំអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានប្រកាសថា វត្តមានរបស់វីរុសកូវីដ​-១៩ រាលដាលនៅជុំវិញ​ពិភពលោក គឺជាសញ្ញានៃភាពទន់ខ្សោយក្នុងទំនាក់ទំនង សាមគ្គីគ្នារបស់ពិភពលោក​ ។ លោក​Antonio Guterres បានអំពាវនាវដល់ប្រទេសទាំងអស់រួមសាមគ្គីគ្នា​ទប់ស្កាត់សត្រូវរួម​របស់ពិភពលោក។
លោក​Antonio Guterres បន្តទៀតថា«ក្នុងឱកាសខួបគម្រប់ ៧៥ឆ្នាំថ្ងៃបង្កើតអង្គការសហប្រជាជាតិ ​ មនុស្សជាតិបានប្រឈមមុខដូច​កាលពីឆ្នាំ​១៩៤៥។ នៅពេលនេះយើងចាំបាច់ត្រូវតែសាមគ្គី​ឆ្លងផុតរាល់ឧប្បសគ្គទាំងអស់» ៕ដោយ៖ធី រីណា


ចែករំលែក៖