ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀង លក់វ៉ាក់សាំងSputnik V ​១,២ពាន់លានដូស

ចែករំលែក៖

អន្តរជាតិ៖ រុស្ស៊ីបានព្រមព្រៀងលក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ប្រភេទSputnik V ចំនួន​១,២ពាន់លានដូសដល់​១០ប្រទេសក្នុងទ្វីបអាស៊ី អាមេរិកខាងត្បូង​និងមជ្ឈិមបូព៌ា។ សកម្មភាពខាងលើ​នឹងនាំមកឲ្យទីក្រុងមូស្គូនូវតម្លៃនយោបាយនិងសេដ្ឋកិច្ច​។
មន្ត្រីរុស្ស៊ី​បានឲ្យដឹងថា​ ពេលនេះរុស្សុីបានព្រមព្រៀងជាបឋមហើយ ដើម្បីបញ្ជូនបច្ចេកវិទ្យា វ៉ាក់សាំង ទៅកាន់ប្រទេសប្រេស៊ីល​ ម៉ិចស៊ីកូ អារ៉ាប៊ីសាអ៊ូឌីត និងឥណ្ឌា​។ ក្រៅពីនេះ​ទីក្រុងមូស្គូ បានឲ្យដឹងថា​ កំពុងស្ថិតនៅក្នុងដំណាក់កាលពិភាក្សាជាមួយ​១០ប្រទេសដែលមានតម្រូវការទិញវ៉ាក់សាំងពីរុស្ស៊ី​។
តាមគម្រោង​វ៉ាក់សាំង​ចំនួន​១,២ពាន់លានដូស​ ប្រភេទ​Sputnik V នឹងត្រូវផលិតនៅក្រៅប្រទេសរុស្ស៊ី​ ហើយចែកចាយទៅកាន់ប្រទេសដែលបានបញ្ជាទិញ។ តាមគម្រោងវ៉ាក់សាំង Sputnik V នឹងផ្តល់ទៅឲ្យអតិថិជនឆាប់បំផុតនៅដើមខែវិច្ឆិកា។
វ៉ាក់សាំង​Sputnik V ​គឺយកតាមឈ្មោះ​ផ្កាយរណបដំបូងបំផុតលើពិភពលោក​របស់សហភាពសូវៀត ដែលបានបាញ់បង្ហោះឡើងទៅកាន់ តារាវិថីផែនដីក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់។ ចំណែក​វ៉ាក់សាំង​Sputnik V ក៏ជាវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោករបស់រុស្ស៊ីផងដែរ​ដែលរដ្ឋាភិបាលបានអនុម័តកាលពីខែសីហាឆ្នាំ​២០២០។
តាមគម្រោងរុស្ស៊ីនឹងចាក់​វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋ​ទាំងអស់នៅចុងឆ្នាំ​២០២០នេះ ។ ជាមួយគ្នានេះដែរ ចិន ក៏បានសាកល្បងវ៉ាក់សាំងកូវីដ​-១៩​ដំណាក់កាលចុងក្រោយ ដល់ក្រុម
អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់​៕ដោយ៖ធី រីណា


ចែករំលែក៖