ខេត្តស្វាយរៀង៖ជនសង្ស័យ៤នាក់ជាមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០។
ពាក់ព័ន្ធនឹងករណីខាងលើនេះសមត្ថកិច្ចខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមាន៖
ទី១-ឈ្មោះឆេង វិទ្ធី អាយុ៣២ឆ្នាំ មុខរបរសម្អាងការ រស់នៅភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
ទី២-ឈ្មោះគង់ សាម៉េត អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាយាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។
ទី៣-ឈ្មោះមាំង ចាន់តាយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងអណ្តែត ឃុំតាសួស ស្រុកស្វាយជ្រំ ។
ទី៤-ឈ្មោះគឹម ប៉ូឡូ រស់នៅក្នុងក្រុងបាវិត។
ប្រភពបន្តថា ចំពោះវត្ថុតាងដែលរឹបអូសបានរួមមានម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣១កញ្ចប់(ធំ១កញ្ចប់)ទម្ងន់១៨.០៦ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទដៃ៥គ្រឿង, ដាវកែច្នៃ១ដើម, កាំភ្លើងខ្លី(ឡុក)ប្រើខ្យល់បាញ់គ្រាប់កង់១ដើម រួមជាមួយឧបករណ៍សម្រាប់ជក់ ប្រើប្រាស់និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកស្នងការនគរបាលខេត្តនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកកែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៩និង២០ខែកញ្ញា ឆ្នាំ២០២០កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកនាយការិយាសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បានជាបន្តបន្ទាប់និងចាប់យកវត្ថុតាងរួមមានសម្ភារមួយចំនួនធំទៀតផងដែរ៕ យឹម សុថាន