ខេត្តស្ទឹងត្រែង៖ ស្រ្តីជាប្រពន្ធបានក្លាយខ្លួនទៅជាឃាតកដោយសារតែភ្លើងប្រចណ្ឌ ព្រោះបានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្តីខ្លួនឯងដោយសារតែប្តីមានស្រីក្មេងនៅខេត្តក្រចេះហើយប្តីហ៊ាននាំយកស្រីក្មេងមកដេកដល់ក្នុងផ្ទះនៅខេត្តស្ទឹងត្រែង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេរ ស្ថិតក្នុងភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ប្រពន្ធឈ្មោះ ហួ តុំលីដា អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកជនរងគ្រោះត្រូវជាប្តី ឈ្មោះ ម៉ុល ចាន់ អាយុជាង៣០ឆ្នាំ បានទៅស្រលាញ់នារីម្នាក់នៅឯខេត្តក្រចេះ ហើយនាំយកមកផ្ទះនៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវប្រពន្ធមកទាន់កើតរឿងប្រចណ្ឌឈ្លោះប្រកែកគ្នា រហូតឈានទៅដល់ចាក់សម្លាប់ប្តីតែម្តង ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះត្រូវប្រពន្ធចាក់ចំនួន៣កាំបិតបណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
ក្រោយពេលពិនិត្យនិងធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានប្រគល់សពជូនទៅឪពុកម្តាយខាងប្តីយកទៅធ្វើបុណ្យទៅតាមប្រពៃណី ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ អនុវត្តបន្តតាមនីតិវិធី៕ដោយ៖ជ្រោយពេជ្រ