ភ្នំពេញ ៖ ខណៈគណៈបញ្ជាការឯកភាពខណ្ឌចំការមនកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅមុខច្រកចូលស្ពានហង្សកោះពេជ្រស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកទម្លុះគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍តម្រង់ចូលទៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ក៏ត្រូវបានកម្លាំងចម្រុះដេញចាប់រហូតដល់ចំណុចខុនដូមួយកន្លែង ស្រាប់តែជនសង្ស័យម្នាក់បានបោះថង់មួយចោលដែលសង្ស័យថាជាស្បោងដាក់គ្រឿងញៀនចេញពីក្នុងរថយន្ត រួចរត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុករថយន្តចោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណកោះពេជ្រ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងស្បោងនោះមានប្រភេទម្សៅកេតាមីនប៉ុន្តែមិនបានបញ្ជាក់ថាមានចំនួនប៉ុន្មានឱ្យពិតប្រាកដនោះទេ ។ ខណៈដែលជនសង្ស័យបានជិះរថយន្តម៉ាកឡិចសុីសពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2W-7669 បម្រុងចូលក្នុងកោះពេជ្រ ប៉ុន្តែចៃដន្យជួបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមនដាក់គោលដៅត្រួតពិនិត្យបទល្មើស ទើបជនសង្ស័យមិនហ៊ានឈប់ បានជិះទម្លុះគោលដៅចូលក្នុងកោះពេជ្រតែម្តង។
បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវជិត២ម៉ោងដេីម្បីរកឃាត់ខ្លួនជនសង្ស័យខាងលើ ពេលនោះមានបុរសជនជាតិចិនម្នាក់ឃើញសមត្ថកិច្ចកំពុងចុះប្រតិបត្តិការតាមរកចាប់ខ្លួនជនសង្ស័យស្រាប់តែបុរសជនជាតិចិនរូបនោះភ័យស្លន់ស្លោរត់គេចខ្លួនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានភ្លាមៗនិងដកហូតបានវាលិស១និងថង់យួរដៃ១ ដោយនៅក្នុងថង់នោះសង្ស័យជាថ្នាំញៀនដែរ។
បច្ចុប្បន្ន វត្ថុតាងនិងជនសង្ស័យដែលបានឃាត់ខ្លួនខាងលើសមត្ថកិច្ចបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីធ្វើការស្រាវជ្រាវបន្តទៀត៕ដោយ៖ ភារ៉ា ដង្កោ