ព័ត៌មានទាន់ហេតុការណ៍៖

ខូចចិត្តប្រពន្ធសុំលែងចងកលើកទីមួយសង្គ្រោះទាន់ ដល់លើកទី២ធ្វើអត្តឃាតបានសម្រេចផ្អើលអ្នកភូមិទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនៅក្នុងផ្ទះបាយបង្កការភ្ញាក់ផ្អើលហើយរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗឱ្យមកពិនិត្យសពទាំងវេលាម៉ោង៥ព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះជុចសុបុន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិភ្លាមសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះមកដល់ដើម្បីពិនិត្យសាកសព ហើយឃើញជនរងគ្រោះយកភួយពណ៌ក្រហម ចងកជាប់នឹងផ្លានដំបូលផ្ទះបាយស្លាប់ប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

តាមអ្នកភូមិបានឱ្យដឹងថា កាលពីកន្លងមកបុរសខាងលើនេះគឺធ្លាប់ចងកសម្លាប់ខ្លួនម្ដងរួចមកហើយតែត្រូវបងប្អូនក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលដោយសារខូចចិត្តនឹងប្រពន្ធសុំលែងធ្វើឱ្យគេមានអារម្មណ៍សោកសៅយ៉ាងខ្លាំងស្រាប់តែនៅព្រឹកកើតហេតុគេប្រទះឃើញបុរសនេះចងកក្នុងផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលតែម្ដង។

សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន


ចែករំលែក៖