អន្តរជាតិ៖ បុរសជនជាតិទីបេម្នាក់ ដែលជាមន្ត្រីប៉ូលិសនៅក្នុងទីក្រុងញូវយ៉កត្រូវបានអាជ្ញាធរអាមេរិក ឃាត់ខ្លួនដោយចោទប្រកាន់ពីបទធ្វើចារកិច្ចឲ្យទីក្រុងប៉េកាំង។ ក្នុងដីកាចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញាថ្មីៗនេះ ខណៈដែលរូបគេធ្វើសកម្មភាពចាប់ពីឆ្នាំ ២០១៨ ដល់២០២០នេះ។
បើយោងតាមដីកាចោទប្រកាន់របស់អាជ្ញាធរអាមេរិក បានបញ្ជាក់ថា បុរសរូបនេះ ជនជាតិទីបេ ដែលមានអាយុ ៣៣ឆ្នាំ និងជាមន្ត្រីប៉ូលិសនៅក្នុងសង្កាត់ Queens នៃទីក្រុងញូវយ៉ក ត្រូវបានអាជ្ញាធរអាមេរិក ឃាត់ខ្លួនតាមបញ្ជារបស់សមាជិកម្នាក់នៃកុងស៊ុលចិន ប្រចាំទីក្រុងញូវយ៉ក ពីបទប្រមូលព័ត៌មាននៅក្នុងសហគមន៍ទីបេ និងប្រភពព័ត៌មានសំខាន់ៗមួយចំនួនឲ្យបក្សកុម្មុយនិស្តចិន ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា តាមដីកាចោទដដែលនេះ បានបញ្ជាក់ថា ជនជាតិទីបេរូបនេះ បានអនុញ្ញាតឲ្យមន្ត្រីកុងស៊ុលចិន ចូលរួមក្នុងកម្មវិធីមួយចំនួន ដែលរៀបចំដោយនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កផងដែរ។ តាមរយៈកិច្ចការចារកិច្ចប៉ូលីសក្រុងញូវយ៉ករូបនេះ ត្រូវបានចិនផ្តល់ប្រាក់ចំនួន ១ម៉ឺនដុល្លារ។ ក្រៅពីបទចារកិច្ច បុរសរូបនេះ រងបទចោទប្រកាន់ផ្សេងទៀតដូចជា៖ការបម្រើបរទេសនៅលើទឹកដីអាមេរិក ការរារាំងប្រតិបត្តិការសេវាសាធារណៈ និងការបោកប្រាស់ជាដើម។
ដោយឡែកបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋអាជ្ញាក្នុងទីក្រុងញូវយ៉កបានអះអាងថា ជនជាតិទីបេរូបនេះ ត្រូវបានគេបញ្ជូនទៅតុលាការហើយ និងកំពុងស្ថិតក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន។ ចំណែកនាយកដ្ឋានប៉ូលិសក្រុងញូវយ៉កវិញ បានអះអាងថា ប៉ូលិសដែលចោទពីបទចារកិច្ចនេះ ត្រូវបានព្យួរការងារ និងមិនទទួលបានប្រាក់បៀវត្សឡើយ។
គួរបញ្ជាក់ថា បុរសទីបេរូបនេះ បានកើតនៅក្នុងប្រទេសចិន ដែលក្រោយមកបានទទួលសិទ្ធិជ្រកកោននយោបាយនៅអាមេរិក ក្រោមហេតុផលថាអាជ្ញាធរចិន បានធ្វើទណ្ឌកម្មលើរូបលោកព្រោះជាជនជាតិភាគតិចទីបេ។ ប៉ុន្តែការស៊ើបអង្កេតមួយបានបង្ហាញថា ឪពុកម្តាយរបស់បុរសនេះ គឺជាសមាជិកបក្សកុម្មុយនិស្តចិន៕ដោយ៖ស តារា