ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខអាជីវករផ្សារប៉ាហ៊ី (ផ្សារក្រោម)

ចែករំលែក៖

ខេត្តប៉ៃ លិន៖ បើតាមប្រភពពីមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយ ឯកឧត្ដម ចេង ញ៉ាន់, លោក ឃ្លោក នួយ អភិបាលរងខេត្ត,លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន និងអាជ្ញា ធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ចើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវសំណូមពរនានា របស់អាជីវករដែលលក់ដូរនៅក្នុង ផ្សារប៉ាហ៊ី (ផ្សារក្រោម) ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោយពីស្ថានភាពជម្ងឺកូវីដ-19 នៅកម្ពុជា ហាក់មានភាពធូរស្រាលឡើងវិញ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ លោក ផាន់ ចាន់ធុល បានពិនិត្យឃើញថា៖ កំណើនអ្នកលក់ដូរ និងអាជីវករ មានចំនួនកាន់តែច្រើនឡើង រីឯកន្លែងលក់ដូរមានសភាពមិនទាន់សមរម្យនៅឡើយ ចំណែកស្ថានភាពផ្លូវក្នុងផ្សារ គឺតូចចង្អៀតធ្វើឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ និងមានទឹកដក់ជាប្រចាំ ជាពិសេសពេលមាន ភ្លៀង ធ្លាក់ម្តងៗ ដោយសារគ្មានប្រព័ន្ធលូសម្រាប់រំដោះទឹកចេញ ហើយនេះគឺជាកង្វល់ និងសំណូមពររបស់ បងប្អូន អាជីវករ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ អាជ្ញាធរមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងកង្វល់របស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជនបទ ក្នុងគោលបំណងសម្រួលដល់ការប្រកបរបបរទទួលទានរបស់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង សម្តៅរួមចំណែកអនុវត្តន៍គោលនយោបាយកាត់បន្ថយភាពក្រីក្រ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍សំណូមពរដល់បងប្អូន អាជីវករក្នុង ផ្សារ ទាំងអស់ ចូលរួមលើកកម្ពស់អនាម័យ និងសោភ័ណភាណសាធារណៈ ដោយត្រូវដាក់ទំនិញលក់ដូរឱ្យ មានសណ្តាប់ធ្នាប់ ជាសវាងការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យកកស្ទះចរាចរណ៍ ជាពិសេសម្ចាស់ភាស៊ីផ្សារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការរៀបចំសណ្តាប់ធ្នាប់ និងសន្តិសុខផ្សារឱ្យបានល្អ។
សូមបញ្ជាក់ថា៖ ការចុះសួរសុខទុក្ខនាឱកាសនោះ ឯកឧត្តម ផាន ចាន់ធុល អភិបាលខេត្តប៉ៃ លិន បានទទួលយកនូវសំណូមពរ និងកង្វល់របស់អាជីវករ ចំពោះបញ្ហាផ្លូវក្នុងផ្សារ និងប្រព័ន្ធលូរំដោះទឹក ដោយ លោក នឹងចាត់ឱ្យក្រុមការងារ និងមន្ត្រីជំនាញចុះមកសិក្សា ដើម្បីធ្វើការដោះស្រាយបញ្ហាទាំងនេះ ឱ្យបាន ឆាប់រហ័ស តាមដែលអាចធ្វើទៅបាន៕

ដោយ៖ សិលា


ចែករំលែក៖