ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមួយយប់មួយថ្ងៃទេីបដឹង​ដល់សាច់ញាតិ

ចែករំលែក៖

      ភ្នំពេញ​ ៖​ បុរសម្នាក់ជាកម្មករសំណង់​បានដេកស្លាប់ក្នុងបន្ទប់ជួលអស់រយៈពេលមួយយប់មួយថ្ងៃទេីបអ្នកជិតខាង​ដឹង​ និងទាក់ទងទៅសាច់ញាតិ កាលពីវេលាម៉ោង១៩​ និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទប់គ្មានលេខ ស្ថិតក្នុងភូមិខ្វា សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពរងគ្រោះមានឈ្មោះ ជួន យ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកេីតហេតុ​ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ​ ។ 

  បេីតាមសម្ដីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ​ បានប្រាប់ភ្នាក់ងារកាសែតនគរវត្ត​ ឲ្យដឹងថា​ ជារៀងរាល់ថ្ងៃ​ ជនរងគ្រោះតែងក្រោកពីព្រឹកទៅធ្វេីការ ហេីយពេលក្បាលល្ងាចក៏ត្រឡប់មកផ្ទះវិញគាត់តែងតែពិសាគ្រឿងស្រវឹងបន្តិចបន្តួចផងដែរមុនចូលសម្រាក​ ។ 

    បុរសខាងលេីក៏បានប្រាប់បន្ថែមថា​ លុះមកដល់ព្រលប់ថ្ងៃកេីតហេតុ​ គាត់មានការងឿងឆ្ងល់ខ្លាំងពេក​ ព្រោះខានឃេីញមួយយប់ទៅហេីយ​ ក៏សម្រេចចិត្តដេីរទៅមេីលក្នុងបន្ទប់ជនរងគ្រោះ​ ក៏ប្រទះឃេីញជនរងគ្រោះដេកស្លាប់ផ្កាប់មុខ​ និងបន្ទប់ក៏មានចាក់គន្លឹះពីក្នុង ទេីបដេីរត្រឡប់មកវិញប្រាប់បងប្អូនអ្នកជិតខាងឲ្យដឹង​ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ព្រមទាំងសាច់ញាតិឲ្យដឹងផងដែរ​ ។ 

    ក្រោយពីទទួលដំណឹងនេះមក សមត្ថកិច្ចមូលដ្ឋាន​បានទាក់ទងទៅជំនាញកោសល្យវិច័យរាជធានីភ្នំពេញ​ឲ្យមកត្រួតពិនិត្យសពយ៉ាងយកចិត្តទុកដាក់​ ទេីបចុងក្រោយសមត្ថកិច្ចជំនាញក្រុងបានបញ្ជាក់ថា ឈ្មោះ ជួន យ៉េង (សព) គឺស្លាប់ដោយសារគាំងបេះដូង (មានជំងឺបេះដូង) ក្នុងអំឡុងយប់ថ្ងៃទី២២​ កញ្ញា​ ២០២០មកម៉្លេះ ដោយមិនពាក់ព័ន្ធករណីឃាតកម្មឡើយ។ 

 សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ធំ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖