ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃទី២៣ខែកញ្ញា បានប្រកាសថា ពេលនេះកំពុងតែត្រួតពិនិត្យព័ត៌មានស្តីពីការរកឃើញសពមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបាត់ខ្លួននៅក្នុងដែនសមុទ្រកូរ៉េខាងជើង ។ មន្ត្រីដែលបាត់ខ្លួនគឺបានទៅបំពេញការងារនៅលើដែនសមុទ្រជិតព្រំដែនកូរ៉េខាង
ជើង។
តាមប្រភពព័ត៌មាន មន្ត្រីកូរ៉េខាងត្បូងដែលបាត់ខ្លួននោះមានអាយុ៤៧ឆ្នាំធ្វើការនៅក្នុងក្រសួងសមុទ្រនិងនេសាទកូរ៉េខាងត្បូង បានបាត់ខ្លួនពីនាវារបស់រដ្ឋាភិបាលពេលកំពុងតែត្រួតពិនិត្យដែនសមុទ្រនៅវេលាថ្ងៃត្រង់ថ្ងៃទី២១ខែកញ្ញា។
ក្រុមការងារនៅលើនាវាយាមល្បាតបានរកឃើញស្បែកជើងរបស់មន្ត្រីដែលបាត់ខ្លួននៅលើនាវា។ ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកមន្ត្រីដែលបាត់ខ្លួន ដោយមាននាវានិងយន្តហោះប្រមាណ២០គ្រឿងចូលរួមស្វែងរក។
តាមប្រភពព័ត៌មានពីក្រុមចារកិច្ចកូរ៉េខាងត្បូង មន្ត្រីដែលបាត់ខ្លួនបានរកឃើញនៅតំបន់សមុទ្រកូរ៉េខាងជើង នៅយប់ថ្ងៃទី២២ ខែកញ្ញា។ មន្ត្រីកូរ៉េខាងត្បូង នឹងបើកការស្រាវជ្រាវពីមូលហេតុដែលបណ្តាលឲ្យបាត់ខ្លួន។
តាមសាររព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា នៅពេលនេះមិនទាន់ប្រាកដថា បានរកឃើញសពឬក៏នៅមានជីវិតនៅឡើយទេ។ នៅពេលដ៏ខ្លីខាងមុខនឹងមានព័ត៌មានច្បាស់លាស់ស្តីពីមន្ត្រីដែលបាត់ខ្លួន៕ដោយ៖ធី រីណា