ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមមិត្តភក្តិ៦ទៅ៧នាក់បានរបួសក្បាលត្រូវបញ្ចូនទៅមន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូឌុបគ្នាជូនមិត្តភក្តិទៅផ្ទះក៏ជួបក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូដេញកាប់ ព្រមទាំងផ្ទុះអាវុធមួយគ្រាប់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខស្ថានីយទូរទស្សន៍ ហង្សមាស តាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បេីតាមសម្ដីយុវជនរងគ្រោះ២ទៅ៣នាក់ដែលស្ថិតក្នុងសភាពរឿងហេតុខាងលេីសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ពួកគេមានគ្នាប្រមាណ៧នាក់ បានជិះម៉ូតូ៣គ្រឿងឌុបគ្នាចេញពីស្ពានព្រែកសំរោងនិងឆ្លងកាត់ផ្លូវថៃហ្គ័រដេីម្បីជូនមិត្តភក្តិទៅផ្ទះ ខណៈជិះមកដល់កន្លែងកេីតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រមាណជាង១០នាក់ជិះម៉ូតូជាច្រេីនគ្រឿងចេញពីផ្លូវលំមួយ ប្រដាប់ដោយដាវ កាំបិតស្ទេីរគ្រប់ដៃ ព្រមទាំងមានកាំភ្លេីងខ្លីផង បានដេញតាមពីក្រោយពួកខ្លួន រួចធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះ និងមានផ្ទុះអាវុធមួយគ្រាប់ ធ្វេីឲ្យជនរងគ្រោះម្នាក់រយៈក្បាលហូរឈាម និងមានអ្នកខ្លះផ្ដួលម៉ូតូរត់ចូលព្រៃ អ្នកខ្លះជិះម៉ូតូរត់យករួចខ្លួន ។
ប្រភពដដែលបានបន្តថា ក្រោយពីជនរងគ្រោះផ្ដួលម៉ូតូរត់ចូលព្រៃ ក្រុមជនសង្ស័យក៏បានមកលេីកម៉ូតូជនរងគ្រោះបម្រុងជិះយកទៅដែរ តែយកមិនកេីត ព្រោះម៉ូតូជាប់ហ្វ្រ័ងមិនទៅមុខ ទេីបពួកគេនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
ក្រោយកេីតហេតុអស់រយៈពេលជិតមួយម៉ោង ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់និងសួរនាំរឿងហេតុមួយសន្ទុះក៏សម្រេចចិត្តនាំយុវជនរងគ្រោះទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកឯង ដេីម្បីសួរនាំបន្ត និងធ្វេីពាក្យបណ្ដឹងផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ