ខេត្តបន្ទាយមានជ័យ៖ជំនន់ទឹកភ្លៀងហូរធ្លាក់មកពីប្រទេសថៃ នៅជិតព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិវត្តចាស់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កំពុងធ្វើអោយពលរដ្ឋជាង៥០គ្រួសារ រងគ្រោះលិចផ្ទះសម្បែង ។
តាមសេចក្តីរាយការណ៍ បានអោយដឹងថា លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ បានដឹកនាំកម្លាំងចំនួន៣០នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកដែលហូរធ្លាក់មកពីប្រទេសថៃ បណ្តាលអោយលិចផ្ទះប្រជាពលរដ្ឋសរុបរួម៥៣ខ្នង និង ផ្ទះលិចមិនអាចរស់នៅបានចំនួន៦ខ្នង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋមួយចំនួន រួមទាំងសម្ភារមួយចំនួន ផងដែរ ត្រូវបានកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់ទីទួលសុវត្ថិភាពនិងកំពុងស្នាក់នៅបណ្តោះអាសន្ន នៅសាលាឃុំអូបីជាន់៕ ដោយ៖ចេស្តា