ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការ ជួបប្រជុំជាមួយគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំដោយ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងប្រធានការិយាល័យស្រុក ក្រុងទូទាំងខេត្ត នៅសាលាខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពអប់រំក្នុងក្របខណ្ឌខេត្តជារួម និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋានផ្ទាល់លើការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធនឹងវិស័យអប់រំក្នុងបរិបទកូវីដ-១៩។
ប្រតិភូគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកអភិបាល ជាពិសេសលើវិស័យអប់រំផ្ទាល់ តាមរយៈការផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការសហការ និងគាំទ្រដល់មន្ទីរអប់រំ យុវជន និងកីឡា លើកិច្ចការជំរុញការផ្សព្វផ្សាយណែនាំអំពីគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ និងក្រសួងសុខភិបាល ដើម្បីធ្វើយ៉ាងណាចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាពទាំងសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងដំណាក់កាលទី២ នៃដំណើរការបើកសាលាឡើងវិញ។
ក្រោយស្តាប់របាយការណ៍ស្តីអំពីស្ថានភាពអប់រំទាំងក្នុងមូលដ្ឋានផ្ទាល់ និងក្នុងក្របខណ្ឌខេត្តបាត់ដំបង ពីលោកប្រធានមន្ទីរអប់រំ និងប្រធានការិយាល័យអប់រំស្រុក ក្រុង ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា បានកត់សម្គាល់ឃើញថាបទពិសោធន៍ និងបញ្ហាប្រឈមដែលខេត្តនីមួយៗ បាន និងកំពុងជួបប្រទះក្នុងការឆ្លើយតបទៅនឹងផលលំបាកបង្កដោយវិបត្តិកូវីដ-១៩ ហាក់មិនមានភាពខុសប្លែកពីគ្នាខ្លាំងនោះទេ។ បញ្ហាដែលបានលើកឡើងរួមមាន កត្តាកម្រិតចំណេះដឹងផ្នែកបច្ចេកទេសព័ត៌មានវិទ្យារបស់លោកគ្រូអ្នកគ្រូ កត្តាមធ្យោបាយ និងឧបករណ៍បង្រៀនពីចម្ងាយមិនគ្រប់គ្រាន់ កត្តានៃការបង្រៀនតាមអនឡាញមិនដូចការបង្រៀនដោយផ្ទាល់ក្នុងសាលា ហើយនិងកត្តាការសហការរបស់អាណាព្យាបាល និងសិស្សានុសិស្សផ្ទាល់។
ពាក់ព័ន្ធនឹងការលើកឡើងអំពីកត្តាប្រឈមនានា លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានមានប្រសាសន៍ថា៖ «ថ្វីបើបញ្ហាប្រឈមស្រដៀងគ្នា ប៉ុន្តែវិធានជាដំណោះស្រាយ គឺទាមទារឱ្យមានការគិតគូរ រៀបចំដោយឡែកៗពីគ្នា ប្រកបដោយភាពបត់បែនទៅតាមស្ថានភាព និងស្ថានការណ៍ជាក់លាក់ក្នុងមូលដ្ឋាននីមួយៗ។ រីឯការអនុវត្តវិញ គឺត្រូវការធ្វើជាជំហានៗ ដោយមានការថ្លឹងថ្លែងច្បាស់លាស់ពីភាពចាំបាច់ និងមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ»។ ជាមួយគ្នានេះដែរ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះសមូហភាព និងភាពច្នៃប្រឌិតខ្ពស់របស់លោកនាយកសាលា លោកប្រធានការិយាល័យ និងលោកប្រធានមន្ទីរ ក្នុងការដាក់ចេញជាយន្តការផ្សេងៗ ជាដំណោះស្រាយបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅរួមមួយក្នុងការបង្កេីនប្រសិទ្ធភាពការផ្តល់ការអប់រំក្នុងបរិបទកូវីដ-១៩។
ក្នុងឱកាសជំនួបជាមួយរដ្ឋបាលខេត្តបាត់ដំបង គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋនៃខេត្តបាត់ដំបង ក្នុងហេតុការណ៍ភ្លើងឆេះផ្សារធំបាត់ដំបង កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០២០ កន្លងទៅនេះ។
ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មការទី៧ ទាំងអស់ បានឧបត្ថម្ភថវិកា ចំនួន២០លាន រៀល ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីចូលរួមចំណែកជួសជុលសំណង់ផ្សារធំបាត់ដំបង ដែលរងការ ខូចខាតក្នុងឧបទ្ទេវហេតុអគិ្គភ័យនេះ៕
ដោយ៖សិលា