ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកដែលវាយធ្វើបាបកូនស្រីនៅក្រុងបាវិត ត្រូវតុលាការខេត្តផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានប្រាប់អ្នកសារព័ត៌មានថា ឪពុកដែលវាយកូនស្រីនៅក្រុងបាវិតនោះ ត្រូវបានតុលាការខេត្តសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលបីឆ្នាំ ។

លោក ខាំ សុផារី បានគូសបញ្ជាក់ថា ករណីនេះតុលាការបានធ្វើនីតិវិធីបង្ហាញខ្លួនជនត្រូវចោទ ហើយកាត់ទោសប្រកាសសាលក្រមដាក់ពន្ធនាគារ រយៈពេលបីឆ្នាំតែម្ដង រួចហើយឃុំខ្លួនតាមអំណាចសាលក្រម មិនមែនតាមដីកានោះទេ។

លោកបានបញ្ជាក់បន្តទៀតថា តំណាងអយ្យការបានចោទប្រកាសបុរសខាងលើ ពីបទហិង្សាដោយចេតនា តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។

សូមរំលឹកថា ក្មេងស្រីម្នាក់ត្រូវបានឪពុកបង្កើតប្រើប្រាស់អំពើហិង្សាវាយដំយ៉ាងដំណំ ហើយត្រូវគេថតវីដេអូបាន ចែកចាយនៅតាមបណ្ដាញសង្គម។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមការសួរនាំ ក្រោយសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលនាំឱ្យខ្លួនប្រើអំពើហិង្សាលើកូនស្រីបែបនេះ ក៏ព្រោះតែខឹងណែនាំកូនមិនស្ដាប់ រឿងលេងទូរស័ព្ទនៅពេលយប់ពេក៕ ដោយ៖ យឹម សុថាន


ចែករំលែក៖