ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញសពបុរសបរទេសម្នាក់នៅក្នុងថង់ពណ៌ខ្មៅប្រឡាក់ឈាមជិតយាយម៉ៅពេជ្រនិល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ប្រជាពលរដ្ឋប្រទះឃើញសពបុរសជាជនបរទេសម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យនិងធ្វើកំណត់ហេតុប្រគល់ទៅឲ្យនាយកដ្ឋានអន្តោប្រវេសន៍ដឹកយកទៅឈាបនដ្ឋានវត្តស្ទឹងមានជ័យដើម្បីបន្តនីតិវិធី។

ការប្រទះឃើញសពដែលជនមិនស្គាល់មុខដឹកយកទៅទម្លាក់ចោលនៅជិតយាយម៉ៅពេជ្រនិលនេះកើតឡើងកាលពីរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៤-១០៥ ស្ថិតក្នុងភូមិទី ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានដឹកជនរងគ្រោះទៅទម្លាក់ចោលនៅចំណុចកើតហេតុ ក៏ចុះទៅធ្វើការស្រាវជ្រាវស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុបានប្រទះឃើញសពបុរសម្នាក់ត្រូវគេសម្លាប់ច្រកក្នុងថង់ខ្មៅហើយដឹកយកមកទម្លាក់ចោលនៅទីនេះក្នុងនោះសមត្ថកិច្ចបានប្រទះឃើញថង់ពណ៌ខ្មៅមួយប្រឡាក់ឈាម។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលបច្ចេកទេសខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះអាចមិនមែនជាជនជាតិខ្មែរនោះទេ គឺទំនងជាជនជាតិចិនហើយត្រូវបានសម្លាប់ពីទីកន្លែងផ្សេងរួចដឹកយកមកទម្លាក់ចោលនៅចំណុចកើតហេតុ។

ក្រោយពីចុះត្រួតពិនិត្យចប់ សមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តដឹកសពមកដឹកយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ និងបានប្រគល់ភារ:បន្តទៅខាងនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ។

មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យខេត្តកំពង់ស្ពឺបានទៅពិនិត្យសាកសពដែលជាបុរសមានអាយុជាង៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ សម្បុរ.សសង្ស័យជាជនជាតិចិន កាត់សក់ខ្លី ពាក់អាវយឺតពណ៌សដៃវែង ស្លៀកខោពណ៌ប្រផេះជើងវែង។សពមានស្លាកស្នាមលេីក្បាលពីក្រោយបែកជាច្រេីនកន្លែង និងស្នាមរយះក្រោមចង្កាទាំងសងខាង។

បើតាមមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា សមត្ថកិច្ចទើបតែបញ្ចប់ការត្រួតពិនិត្យនាវេលាម៉ោង ១០យប់ថ្ងៃដដែល ដោយសមត្ថកិច្ចបានបញ្ជាក់ថាទោះជាយ៉ាងណាក្តីក៏សមត្ថកិច្ចនឹងខំប្រឹងប្រែងស្រាវជ្រាវដើម្បីឈានទៅវែកមុខក្រុមជនដៃដល់ជាឃាតកសម្លាប់ជនរងគ្រោះយកមកផ្តន្ទាទោសតាមច្បាប់។

ទាក់ទិនទៅនឹងការប្រទះឃើញសពជនបរទេសរូបនេះផងដែរមានការលើកឡើងផ្សេងៗគ្នាថា ជនរងគ្រោះអាចទំនងជាត្រូវបានក្រុមជនជាតិចិនដូចគ្នាចាប់ជំរិតហើយសម្លាប់ចោលដើម្បីបំបិទមាត់តែម្ដង។ដោយឡែកអ្នកខ្លះទៀតបានលើកឡើងថា  ទំនងជាជនរងគ្រោះមានបញ្ហារឿងភាគហ៊ុនរកស៊ីណាមួយជាមួយដែគូទើបត្រូវសម្លាប់បំបិទមាត់ចោលបែបនេះ៕ជ្រោយពេជ្រ


ចែករំលែក៖