ភ្នំពេញ៖ កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២០តារាកំប្លែង នាយឆ្អឹងបានបង្ហោះសារក្រៀមក្រំមួយអំពីមរណភាពរបស់ឪពុក។ សពត្រូវបានតំកល់ធ្វើបុណ្យនាសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាររំលែកទុក្ខដ៏ក្រំចំពោះតារាកំប្លែងនាយឆ្អឹង ត្រូវបានបង្ហោះព្រោងព្រាតក្រោយពីឪពុកបង្កើតរបស់លោកទទួលមរណភាព។ នាយឆ្អឹងក៏បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកយ៉ាងកម្សត់ថា”មុននេះបន្តិចលោកឪពុកខ្ញុំគាត់បានទៅចោលខ្ញុំហើយ សូមលោកពុកទៅឲ្យបានសុខ។ សារនេះក៏បានភ្ជាប់នឹងរូបភាពអនុស្សាវរីយ៍ជាមួយឪពុកអមដោយរូបសាកសពឪពុកដែលទើបនឹងគ្របក្រណាត់សផងដែរ។ មានការចែករំលែកបន្ត និងសាររំលែកទុក្ខជាច្រើនត្រូវបានបង្ហោះផ្ញើទៅកាន់តារាកំប្លែងរូបនេះ។
ឆ្លើយឆ្លងតាមសារអេឡិចត្រូនិចដោយខ្លី នាយឆ្អឹងបានបញ្ជាក់ប្រាប់ ថាឪពុកលោកមានវ័យជាង៨០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ ហើយសពត្រូវបានតំកល់ទុកនៅគេហដ្ឋាននៅខាងមុខវត្តវាលស្បូវ។
ព័ត៌មាននេះក៏ចាត់ទុកជាការអញ្ជើញដល់សិល្បករ សប្បុរសជន និងសាច់ញាតិឲ្យចូលរួមអនុមោទនាចូលរួមកម្មវិធីបុណ្យសពឪពុកតារាកំប្លែងនាយឆ្អឹងឲ្យបានច្រើនកុះករ៕ ដោយ៖ វឌ្ឍនា