ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំ ពិធីចាប់ឆ្នោតការប្រកួត ជម្រើសជើងឯក លីគទី២ (League-2) រួចរាល់ហើយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមុិញនេះ ដោយមាន បេក្ខភាពចូលរួម១០ក្រុម ។
ចំពោះបេក្ខភាពទាំង ១០ក្រុម រួមមាន ក្រុមកោះកុង អែហ្វស៊ី, ISI ដង្កោសែនជ័យ, សមាគមកីឡាបាល់ទាត់ ខេត្តព្រៃវែង, សៀមរាបអែហ្វស៊ី, ក្លិបបាល់ទាត់ ឬទ្ធីសែន, មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង, មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ, ភ្នំពេញក្រោន និងក្រុម U21 កងយោធពលខេមរភូមិន្ទ ។
លោក ប៊ុន សុខ សមាជិកប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ការប្រកួត League-2 នឹងធ្វើឡើង តាមការគម្រោងទុក ដោយចាប់ផ្ដើមនាថ្ងៃទី០៣ ខែតុលា រហូតដល់១២ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើប្រាស់រូបមន្ដប្រកួតវិលជុំមួយជើង ហើយមានពិន្ទុខ្ពស់ជាងគេ នឹងឈរចាំវគ្គផ្ដាច់ព្រ័ត្រ ។ ឯក្រុមឈរលេខ៤ នឹងត្រូវជួបក្រុមលេខ៣ ហើយក្រុមឈ្នះ ទើបបានឡើងទៅជួបក្រុមលេខ២ ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ។
លោក ឡៃ សុធា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ចំពោះការប្រកួត League-2 នេះដែរ គឺដើម្បីពង្រឹងបន្ថែម ក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសចម្រាញ់រកក្រុមខ្លាំង ១ក្រុម ដែលមិនមែនជាឧបសម្ព័ន្ធរបស់ក្លិបសមាជិកលីគកំពូលកម្ពុជា ឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ឆ្នាំ២០២១ ជំនួសក្រុមដែលត្រូវកាត់ចេញ ។
សូមបញ្ជាក់ថា លីគទី២ កម្ពុជា បានបង្កើតដំបូង នៅឆ្នាំ២០១៦ ក្នុងគោលបំណងរកក្រុមជើងឯក និងក្រុមជើងឯករងឡើងទៅបង្គ្រប់កៅអីលីគកំពូលកម្ពុជា ជំនួសក្រុមដែលឈរបាតតារាង ។ ប៉ុន្ដែដំណើរការបាន ២រដូវកាល ព្រឹត្តិការណ៍នេះ ក៏ស្ងាត់ទៅវិញ ពោលគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ មិនមានការប្រកួតនោះទេ ៕
ប្រភព៖ ទទក