ព័ត៌មានទាន់ហេតុការណ៍៖

ស្អែកនេះ..! នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា (UC)

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សកលវិទ្យាល័យកម្ពុជា នៅព្រឹកស្អែកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នឹងទទួលសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ពីសាកលវិទ្យាល័យកម្ពុជា (UC) ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកបណ្ឌិត កៅ គឹមហួន ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា។

ក្នុងសេចក្តីសេចក្ដីប្រកាសព័ត៌មានខាងលើ បានឱ្យដឹងទៀតថា៖  គិតចាប់ពីពេលបង្កើតសាកលវិទ្យាល័យកម្ពុជា នៅឆ្នាំ២០០៣ មក នេះជាលើកទី ៥៥ ហើយ ដែលសាកលវិទ្យាល័យបានប្រគល់សញ្ញាបត្រជូននិស្សិត និងឥស្សរជន។ ការប្រគល់សញ្ញាបត្រដំបូង គឺធ្វើឡើងនៅឆ្នាំ២០០៤ ដោយបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

មូលហេតុដែលសាកលវិទ្យាល័យកម្ពុជាសម្រេចប្រគល់សញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកសន្តិសុខសេដ្ឋកិច្ច» ជូននាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង គឺដោយសារកត្តា៣សំខាន់ៗ រួមមាន៖ ១.  លោកបានបម្រើការជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ដែលក្នុងនោះលោកបានបម្រើ និងការពារថ្នាក់ដឹកនាំ និងស្ថាប័ននានានៃប្រទេសកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសនានា ក្នុងពេលដែលពួកគាត់បានមកបំពេញទស្សនកិច្ច និងចូលរួមប្រជុំនៅក្នុងប្រទេសកម្ពុជា។

២. លោកបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ដែលមានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា និង៣. លោកបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការជំរុញទំនាក់ទំនងស៉ីវិល និងយោធា តាមរយៈការជួយដល់ការងារដែលទាក់ទងនឹងគ្រោះមហន្តរាយធម្មជាតិ និងការអភិវឌ្ឍសហគមន៍៕

ដោយ៖ សិលា


ចែករំលែក៖