ភ្នំពេញ ៖ អគារសាលាពុទ្ធិអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ចន្ទបុរីវង្ស ១ខ្នង៤បន្ទប់ នៅបរិវេណវត្តចន្ទបុរីវង្ស ស្ថិតក្នុងភូមិសំជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធីក្រុងពាលីចាប់ដំណើររការសាងសង់ ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានចូលរួមពីសម្តេចព្រះវនរ័តគតិបណ្ឌិតណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ឹង ប៊ុនហ៊ៅ និងលោកស្រីព្រមទាំងបុត្រ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកពៅ្ន។
លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា ការកើតឡើងនូវអគារសាលាពុទ្ធិអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ចន្ទបុរីវង្ស ក្នុងវត្តចន្ទបុរីវង្សនាពេលនេះ គឺផ្តើមចេញពីសា្មរតីរួមសាមគ្គីគ្នាជាធ្នុងមួយរបស់ព្រះសង្ឃ និងសប្បុរសជន ដែលមានទឹកចិត្តស្រឡាញ់និងគាំទ្រដល់សង្គមជាតិក៏ដូចជាព្រះពុទ្ធសាសនា ដើម្បីទុកជាប្រយោជន៍ដល់កូនចៅ នាពេលបច្ចប្បន្ន និងទៅជំនាន់ក្រោយៗទៀត។
លោកអភិបាលខណ្ឌបានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះអាចកើតឡើងបាន គឺដោយសារតែ ប្រទេសជាតិ មានសុខសន្តិភាពទើបយើងមានឱកាសកសាងសមិទ្ធផលទាំងនេះបាន ហើយសន្តិភាពនេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ របស់សម្ដេចតេជោជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាពពេញលេញមានការរីកចំរើនឥតឈប់ឈរ រហូតមកដល់បច្ចប្បន្ននេះ។
បន្ទាប់ពីធ្វើពិធីក្រុងពាលីរួចគណៈអធិបតីបានអញ្ជើញទៅពិនិត្យមើលគ្រឿងចក្រ កន្លែងការដ្ឋាន រួចបាចផ្កាប្រោសព្រំទឹកសុំសេចក្តីសុខ ចាប់ដំណើររការសាងសង់ពីពេលនេះតទៅ៕
ដោយ៖ព្រែកសំរោង