ព័ត៌មានទាន់ហេតុការណ៍៖

សហាវណាស់..! សម្លាប់ប្រពន្ធរួច យកសពទៅកប់ក្រោយផ្ទះ បំបិទភស្តុតាង ត្រូវនគរបាលខេត្តព្រះវិហារ បំបែកសំណុំរឿងឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បើតាមលោកវរសេនីយ៍ទោ ឱ សេង ធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ៖ មានកម្លាំងនគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងយោធា (ក.២) កងពលតូចអន្តរាគមន៍លេខ៨ បានបំបែកសំណុំរឿងករណីឃាតកម្ម យកសពទៅកប់នៅក្រោយផ្ទះជាច្រើនថ្ងៃ ជនសង្ស័យជាប្តីត្រូវបានឃាត់ខ្លួន។
លោកអធិការបញ្ជាក់ថា៖ ជនសង្ស័យជាប្តី ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ស៉ិន ស៉ឹម អាយុ៥២ឆ្នាំ មុខរបរយោធាបម្រើនៅអង្គភាពវរអន្តរាគមន៍លេខ៣៨២ នៃកងពលតូចអន្តរាគមន៍លេខ៨។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ហួយ ផល្លា អាយុ៥៥ឆ្នាំមុខរបរមេផ្ទះ រស់នៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះជាប្រពន្ធត្រូវបានជនសង្ស័យជាប្តីសម្លាប់ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២០មកម្ល៉េះ ហើយបានយកទៅកប់ក្រោយផ្ទះនៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបំបិទភស្តុតាង ហើយការបែកធ្លាយរឿងបាត់ស្ត្រីជនរងគ្រោះនេះ គឺដោយសារកូនទូរស័ព្ទអត់ចូល ហើយក៏ទូរស័ព្ទសួរជនសង្ស័យជាឪពុក តែជនសង្ស័យឆ្លើយបែបអត់ដឹងរឿងថា មិនដឹងទៅណាទេបាត់ខ្លួន២-៣ថ្ងៃហើយ។
លោកអធិការបន្តថា៖ បន្ទាប់ពីព័ត៌មាននៃការបាត់ខ្លួនជនរងគ្រោះ ដោយមិនដឹងមូលហេតុ លោកមេភូមិស្ទឹងខៀវតេជោ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ សមត្ថកិច្ចក៏បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។
បន្ទាប់ពីក្រោមការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញបានចុះស្រាវជ្រាវដល់ផ្ទះជនរងគ្រោះ រហូតកំណត់មុខសញ្ញាជនសង្ស័យជាប្តី និងឈានដល់ការឃាត់ខ្លួន ព្រមទាំងនាំទៅចង្អុលបង្ហាញកន្លែង ដែលខ្លួនយកប្រពន្ធទៅកប់ចោល។
ជនសង្ស័យជាប្តី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធពិតប្រាកដមែន គឺសម្លាប់ដោយបោកក្បាលនឹងឥដ្ឋការ៉ូ ដោយសារខឹងប្រពន្ធរកកាប់ខ្លួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកជំាក្សាន្ត កសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់។
មួយរយៈនេះសីលធម៍សង្គមត្រូវបានធ្លាក់ចុះ ប្តីសម្លាប់ប្រពន្ធ ប្រពន្ធសម្លាប់ប្តី ជាអំពើប្រព្រឹត្តបទឧក្រិដ្ឋ ដ៏កំណាចឃោឃៅ លេងគិតពីបុណ្យបាប នរក ខុសត្រូវ ទោសទណ្ឌ ដោយសារការគិតខ្លី និងបាត់បង់សីលធម៍៕

ដោយ៖សិលា


ចែករំលែក៖