ការបោះឆ្នោតអាមេរិកកាន់តែខិតជិតមកដល់ ហើយរឿងរ៉ាវប្លែកៗជាច្រើនពាក់ព័ន្ធនឹងការបោះឆ្នោត ក៏បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមពាសពេញផងដែរ។ កន្លងមកថ្មីៗនេះ ស្ត្រីជនជាតិអាមេរិកម្នាក់ បានធ្វើឲ្យកក្រើកបណ្តាញសង្គមTwitter ដោយអ្នកស្រីបានប្រកាសថា «បើប្តីបោះឆ្នោតឲ្យលោកត្រាំនោះ នឹងត្រូវលែងលះគ្នា»។ អ្នកស្រីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងដល់បេក្ខភាពចូ បៃឌិន។
តាមសារព័ត៌មានRT បានផ្សាយថាស្ត្រីម្នាក់នៅរដ្ឋតិចសាស់ ដែលមានគណនីTwitter ឈ្មោះ Beverly M បានបង្ហោះសារព្រមានស្វាមីរបស់ខ្លួនថា « បើមិនបោះឆ្នោតជូន បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកចូ បៃឌិននោះទេ យើងនឹងលែងលះគ្នា»។
នៅលើបណ្តាញសង្គម អ្នកស្រី Beverly M បានសរសេរថា «ប្រសិនបើគាត់(ប្តី) មិនបោះឆ្នោតឲ្យលោក បៃឌិន នោះទេ យើងនឹងចែកផ្លូវគ្នា»។ អ្នកស្រីBeverly M បានប្រកាសឲ្យដឹងថា នាងស្ថិតនៅក្នុងក្រុម«Black Lives Matter» ហើយបានរៀបការមុនពេលលោកត្រាំជាប់ឆ្នោត។ កាលពីឆ្នាំ២០១៦ នាងក៏បានបោះឆ្នោតជូនបេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡា រីគ្លីនតុនដែរ។
នៅពេលនេះបេក្ខភាពប្រធានាធិបតីទាំងពីររូបកំពុងតែខិតខំឃោសនាស្វែងរកការគាំទ្រពីពលរដ្ឋនៅរដ្ឋយុទ្ធសាស្ត្រសំខាន់ៗ។ តាមការស្ទង់មតិនាពេលកន្លងមក លោកបៃឌិនបាននាំមុខលើបេក្ខភាពប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅពេលនេះក៏មានក្តីបារម្ភយ៉ាងខ្លាំង ខ្លាចលោកត្រាំមិនព្រមផ្ទេរអំណាចដោយសន្តិភាពក្រោយចាញ់ឆ្នោត៕ដោយ៖ធី រីណា