ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានប្រកាសថា មន្ត្រីទទួលបន្ទុកដែនសមុទ្រនិងនេសាទ កូរ៉េខាងត្បូងត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់គឺជារឿងមិនអាចទទួលយកបានឡើយ។
តាមការលើកឡើងរបស់ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកKang Min Seok នៅថ្ងៃទី២៤ខែកញ្ញា បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាង មានសកម្មភាពទទួលខុសត្រូវពាក់ព័ន្ធ នឹងមន្ត្រីកូរ៉េខាងត្បូងដែលត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់នៅតំបន់សមុទ្រព្រំដែនប្រទេសទាំងពីរ។
ប្រធានាធិបតីមូន បានស្នើដល់កម្លាំងទាហានបង្កើនការរក្សាសន្តិសុខ ការពារអាយុជីវិតរបស់ខ្លួន និងសុវត្ថិភាពរបស់ពលរដ្ឋកូរ៉េខាងត្បូងទាំងមូល។
នៅថ្ងៃទី២៤ខែកញ្ញានេះដែរ គណៈកម្មការសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានបញ្ជាក់ថា មន្ត្រីកូរ៉េខាងត្បូងអាយុ៤៧ឆ្នាំត្រូវ ទាហានកូរ៉េខាងជើងបាញ់សម្លាប់កាលពីដើមសប្តាហ៍កន្លងមក។ លោកត្រូវបានគេប្រកាសថាបាត់ខ្លួន កាលពីថ្ងៃទី២១ខែកញ្ញា ពេលកំពុងត្រួតពិនិត្យតំបន់ព្រំដែនសមុទ្រប្រទេសទាំងពីរ ។
តាមព័ត៌មានពីក្រុមចារកិច្ចកូរ៉េខាងត្បូង បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងបានរកឃើញសពមន្ត្រីដែលបាត់ខ្លួននៅតំបន់សមុទ្រកូរ៉េខាងជើង ។ ទីក្រុងសេអ៊ូលបានបញ្ជាក់ថា នៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២២ខែកញ្ញា កូរ៉េខាងជើងបានរកឃើញសាកសពមន្ត្រីខាងលើ ។ ប៉ុន្តែមកទល់ពេលនេះព័ត៌មានលម្អិតស្តីពីមន្ត្រី កូរ៉េខាងត្បូងដែលបាត់ខ្លួននោះមិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ៕ដោយ៖ធី រីណា