ខេត្តកំពង់ឆ្នាំង៖ បុរសជាជាងសំណង់ ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើផ្ទះដល់ដីបែកក្បាលបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ២០២០ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រីស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ឹម យ៉ុង អធិការនគរបាលស្រុកជលគិរី បានឲ្យដឹងថា នៅវេលាម៉ោង១០និង៥២នាទីព្រឹកថ្ងៃទី២៣កញ្ញា២០២០ពិតជាកើតមានករណីខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅចំណុចផ្ទះរបស់ ឈ្មោះ ព្រី សារី នៅភូមិឃុំស្រុកកើតហេតុខាងលើ ប្រាកដមែន។
លោកអធិការបញ្ជាក់ថាជនរងគ្រោះមានឈ្មោះ សូត្រ រាជ្យ ភេទប្រុស អាយុ២៥ឆ្នំា មុខរបរជាងសំណង់ និងមានទីលំនៅសព្វថ្ងៃ ភូមិ ចាន់គង់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម មកធ្វើសំណង់ឲ្យគេនៅចំណុចខាងលើយូរថ្ងៃមកហើយ។
នៅមុនពេលកើតហេតុជនរងគ្រោះបានលើកដែកយកទៅផ្សារដំបូលហើយក៏បានប៉ះនឹងខ្សែភ្លើងស្រាតបណ្តាលឲ្យឆក់ហើយបានធ្លាក់ពីដំបូលផ្ទះមកដល់ដីបោកផ្ទប់នឹងថ្មនៅខាងក្រោមបណ្តាលឲ្យស្លាប់តែម្តង។
ក្រោយមកសមត្ថកិច្ចនគរបាលស្រុកជុំគិរីបានចុះទៅធ្វើកោសល្យវិច័យនិងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ សាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតឯស្រុកបាធាយ ខេត្តកំពង់ចាមទៅតាមប្រពៃណី ៕
ដោយ៖ប្រាថ្នា