ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យចំនួន៣នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ។
សមកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះទី១-គង់ ពេញ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ទី២-ឈ្មោះ អ៊ួង អាត ហៅ ស ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងទី៣-ឈ្មោះ តឿ រតនា ហៅ ង៉ោល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង៦និង៣០ នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ៩ កញ្ចប់ មានទម្ងន់៦.៧៨ក្រាម (គិតទាំងសំបកវេចខ្ចប់), ទូរស័ព្ទដៃចំនួន៤គ្រឿងនិងសម្ភារសម្រាប់ប្រើប្រាស់ជាមួយគ្រឿងញៀនមួយចំនួនទៀត៕ យឹម សុថាន