ព័ត៌មានទាន់ហេតុការណ៍៖

ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន»

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក )បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរទិវារអន្តរជាតិស្តីពី” សិទ្ធិទទួលព័ត៌មាន”។

(ស.ស.ស.ក )បានលើកឡើងថា៖ ថ្ងៃនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមជាមួយអ្នកសារព័ត៌មាននៅក្នុង ប្រទេសកម្ពុជានិងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី “សិទ្ធិទទួលព័ត៌មាន” ដែលត្រូវ បានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ក្នុង គោលបំណងបង្កើតឱកាសចូលរួម ដើម្បីពិភពលោកសម្រេចឲ្យបាននូវ គោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ ស្ថិតក្នុងបរិបទដែលពិភពលោក កំពុងរងការយាយីរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ឆ្នាំ២០២០នេះ ទិវាអន្តរជាតិស្តីពី សិទ្ធិទទួលព័ត៌មាន ប្រារព្ធឡើងក្រោមពាក្យស្លោក “សិទ្ធិទទួលព័ត៌មាន សង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងបង្កើតនូវក្តីសង្ឃឹម»។ ក្នុងន័យនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាស្មារតីដូចតទៅ៖

ស.ស.ស.ក សូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធដែលបានខិតខំរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងវិធានការ បង្ការ ទប់ស្កាត់ និងព្យាបាលការឆ្លងជំងឺកូវីដ-១៩ រហូតបានជាសះស្បើយទាំងស្រុង ហើយដោយមិន មានប្រជាជនណាម្នាក់នៅក្នុងប្រទេសកម្ពុជា បាត់បង់អាយុជីវិតដោយសារជំងឺនេះឡើយ។ លទ្ធផល ជាក់ស្តែងនេះ គឺជាសក្ខីភាពបង្ហាញពី “សមត្ថភាពជាតិយើងក្នុងការជម្នះការលំបាក នូវជំនឿចិត្តនិងក្តីសង្ឃឹម ចំពោះអនាគតដ៏ប្រសើររួមគ្នាតទៅមុខទៀត។ » ហើយបានកសាង ស.ស.ស.ក សូមយកឱកាសនេះដែរ សម្តែងការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ ក្រសួងព័ត៌មាននៃរាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី«សិទ្ធិទទួលព័ត៌មាន» ដែលគ្រោងបញ្ចប់នៅដំណាច់ឆ្នាំនេះ។ យើងមានក្តីសង្ឃឹមថា ច្បាប់នេះនឹងក្លាយ ជាមធ្យោបាយបន្ថែមរួមចំណែកពង្រឹងពង្រីកនូវឥរិយាបទ ផ្នត់គំនិត និងវប្បធម៌ “ប្រជាធិបតេយ្យចូលរួម” ពីសំណាក់ប្រជាពលរដ្ឋ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងសកម្មភាពអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ស .ស.ស.ក យល់ឃើញថា ការកសាងជំនឿចិត្តសង្គម គឺត្រូវតែឈរលើមូលដ្ឋាននៃសកម្មភាពជាក់ស្តែង លទ្ធផលជាក់ស្តែង ដោយស្មារតីចូលរួម ការជួយបំពេញឲ្យគ្នា ការគោរព និងការយល់យោគ ។ គេមិន គួរគប្បីបណ្តុះជំនឿដែលផ្អែកលើពាក្យចចាមអារ៉ាម ការសន្យាភូតភរ ព័ត៌មានប្រឌិត ការបំភ្លៃ ការអុជអាល និងមនោគមន៍វិជ្ជាញុះញូង ដែលបង្កើតការភ័ន្តច្រឡំ ហើយឈានទៅធ្វើសកម្មភាពដោយងងឹតងងល់បង្កចលាចល បំផ្លាញសង្គមជាតិ និងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។ បរិបទនៃប្រទេសកម្ពុជា – កត្តាសន្តិភាព” បានបង្កបរិយាកាសដ៏មានតម្លៃសម្រាប់ការកសាងគុណភាពជីវិត និងបានធ្វើ ឲ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ប្រកបដោយមោទនភាព ទាំងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ វប្បធម៌ សិល្បៈ កីឡា មនុស្សធម៌ និងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ស.ស.ស.ក សូមទាញការចាប់អារម្មណ៍ថា ទិវា «សិទ្ធិទទួលព័ត៌មាន” ក៏រំលឹកយើងជាប្រចាំថា យើង ស.ស.ស.ក អាចប្រើប្រាស់សិទ្ធិនេះ ដើម្បីស្វែងយល់ព័ត៌មានគ្រប់ទិដ្ឋភាព មិនត្រឹមតែអំពីវឌ្ឍនភាពនៃប្រទេសជាតិ របស់យើងប៉ុណ្ណោះទេ គឺយើងក៏ត្រូវតាមដានជាប្រចាំ អំពីសភាពការណ៍វិវត្តន៍ប្រែប្រួលឥតឈប់ឈរនៃ បតំបន់និងពិភពលោកផងដែរ។ ខណៈដែលមាតុភូមិកម្ពុជាយើងកំពុងរីករាយជាមួយសុខសន្តិភាព ឥឡូវនេះ មហាអំណាចកំពុងប្រជែងគ្នាយកប្រៀបខាង ភូមិសាស្ត្រនយោបាយ យោធា និងសេដ្ឋកិច្ច ដែលតោងតែយកចិត្តទុកដាក់តាមដានជាប្រចាំ។ ប្រវត្តិសាស្រ្តបង្ហាញថា ក្នុងបរិបទនៃការរះឡើងនៃ មហាអំណាចថ្មី និងការធ្លាក់ចុះឥទ្ធិពលនៃមហាអំណាចមួយ គឺបង្កើតបញ្ហាប្រឈមចាក់ស្រះ និង ពិបាកប៉ាន់ស្មាន។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាមានការប្តេជ្ញាចិត្តជាមួយបន្ទាត់នយោបាយដ៏ ត្រឹមត្រូវក្នុងការបន្តកសាងមិត្តគ្រប់ទិសទីក្រោមស្មារតីឯករាជ្យ អធិបតេយ្យ ដោយគោរពគ្នាទៅវិញ ទៅមក ស្មើភាពនិងស្មើសិទ្ធិ ហើយផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ស.ស.ស.ក ដូចបានបង្ហាញខាងលើ សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ឲ្យបន្តប្រើប្រាស់សិទ្ធិទទួលព័ត៌មានក្នុងឧត្តមគតិដើម្បីពង្រឹងសមត្ថភាពជាតិ ដើម្បី បណ្តុះ *ស្មារតីកម្ពុជានិយម»។ សូមបន្តប្រើប្រាស់លំហសិទ្ធិសេរីភាពព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពី *តម្លៃសន្តិភាព» និងមរតកវប្បធម៌ប្រពៃថ្លៃថ្នូររបស់ប្រជាជនយើងទៅកាន់ពិភពលោក ដោយតម្កល់ ផលប្រយោជន៍ជាតិយើងមុនគេ។ យើងត្រូវតែជឿជាក់លើខ្លួនយើងជាមុន និងជឿជាក់លើអនាគតដ៏ ប្រសើររបស់ប្រទេសជាតិយើងជាមុន។ គ្មាននរណាស្គាល់តម្រូវការកម្ពុជា ជាងកម្ពុជាខ្លួនឯងឡើយ។ គ្មាននរណាលើកតម្កើងកម្ពុជា ជាងកម្ពុជាខ្លួនឯងនោះឡើយ ។ ដូច្នេះ ការចូលរួមផ្សព្វផ្សាយ រូបភាពល្អ ១សន្លឹក ខ្លឹមសារល្អ១ឃ្លា ទស្សនវិជ្ជា ការច្នៃប្រឌិតថ្មី គឺមានតម្លៃឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់អ្នក ប្រទេសជាតិអ្នក ហើយទង្វើវិជ្ជមាន ជាប្រចាំនេះ នឹងក្លាយជាកម្រងប្រវត្តិសាស្ត្រ ដែលកត់ត្រានូវគុណ សម្បត្តិរបស់អ្នកបានចូលរួមក្នុង “បុព្វហេតុដើម្បីឧត្តមភាពជាតិមាតុភូមិ» របស់យើង ហើយសកម្មភាព នេះមានគុណតម្លៃធំធេងទាំងសម្រាប់បច្ចុប្បន្ននិងតទៅអ្នកជំនាន់ក្រោយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖