ខេត្តស្វាយរៀង៖ លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងវិបត្តិជំងឺកូវីដ-១៩ រយៈពេល៩ខែ ឆ្នាំ២០២០នេះ នៅទូទាំងខេត្តមានក្រុមហ៊ុនវិនិយោគទុនបានចូលមក និងបន្តបើករោងចក្រសហគ្រាសបន្ថែមចំនួន២១កន្លែង គឺនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៨កន្លែង ដែលកំពុងដំណើរការផលិតផលិតផលនាំចេញ មានកម្មករកម្មការិនី ចូលបម្រើការងារចំនួនជាង១ពាន់នាក់។
លោកបន្តថា ទន្ទឹមនឹងការបើករោងចក្រសហគ្រាសថ្មីនៅក្នុងតំបន់សេដ្ឋកិច្ចទាំង៨ ស្របពេលដែលប្រទេសកំពុងមានវិបត្តិជំងឺកូវីដ-១៩មួយរយៈនេះ នៅខេត្តស្វាយរៀង មានរោងចក្រសហគ្រាសចំនួនតែ៧កន្លែងទេដែលត្រូវបានថៅកែធ្វើការបិទទ្វារឈប់ផលិតទាំងស្រុង ដោយសារគ្មានទីផ្សារសម្រាប់លក់ផលិតផល បន្ទាប់ពីក្រុមកម្មករផលិតទំនិញរួចរាល់។
លោកប្រធានមន្ទីរ បានបន្ថែមថា បើទោះជាកម្ពុជា ជាពិសេសពលរដ្ឋខេត្តស្វាយរៀង បានប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ មួយរយៈកន្លងទៅនេះក្តី ក៏កម្មករ កម្មការិនី និងនិយោជិតទាំងជាង៦ម៉ឺននាក់ បានបន្តការងាររបស់គាត់នៅតាមរោងចក្រសហគ្រាស ដោយគោរព និងប្រតិបត្តិការលាងសម្អាតដៃ និងពាក់ម៉ាស់ការពារផ្លូវដង្ហើមបានល្អដែរ ក្រោមការឃ្លាំមើលពីថៅកែ និងរដ្ឋបាលរោងចក្រសហគ្រាសនិីមួយៗ ដែលបាននិងកំពុងដំណើរការផលិតទំនិញសម្រាប់នាំចេញ។
ទោះបីជាពិភពលោករងនូវជំងឺកូវីដ-១៩ តែខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាសនៅខេត្តស្វាយរៀង ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ក្រុមហ៊ុនវិនិយោគ បានបន្តបើកចំនួន២១កន្លែងបន្ថែមទៀត ក្នុងខណៈដែលរោងចក្រសហគ្រាសចំនួនតែ៧កន្លែងប៉ុណ្ណោះ ត្រូវបានបិទទ្វារផលិត ដោយគ្មានអ្នកបញ្ជាទិញ។
សូមបញ្ជាក់ថា ស្វាយរៀងជាខេត្តដែលរាជរដ្ឋាភិបាលបានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥។ រហូតមកដល់ពេលនេះ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៨តំបន់ កំពុងដំណើរការផលិតទំនិញ។
ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង១១តំបន់ បើទោះជាមានវិបត្តិជំងឺកូវីដ-១៩ បានផ្ទុះនៅក្នុងពិភពលោកក្តី ក៏ខ្សែចង្វាក់ផលិតកម្មរបស់កម្មករទាំងជាង៦ម៉ឺននាក់ ដែលកំពុងប្រតិបត្តិការងារជំនាញរបស់ពួកគេនៅស្វាយរៀងបានបន្តដដែល ៕
ដោយ៖យឹម សុថាន