ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាអស្ចារ្យមែន! កណ្ដុរដោះមីនមួយក្បាល ក្រោយពីសម្រេចការងារក្នុងប្រទេសកម្ពុជា បានឈ្នះមេដាយមាស

ចែករំលែក៖

ភ្នំពេញ៖ វាពិតជាអស្ចារ្យខ្លាំងណាស់ ខណៈដែរសត្វកណ្ដុរ Magawa បានជួយស្វែងរកគ្រាប់មីន៣៩គ្រាប់ និងមានគ្រាប់មិនទាន់ផ្ទុះចំនួន២៨គ្រាប់នៅក្នុងអាជីពការងាររបស់វា ហើយសត្វកណ្ដុរយក្សអាហ្វ្រិកមួយក្បាលនេះក៏បានទទួលរង្វាន់មេដាយមាសដ៏មានកិត្យានុភាពមួយ សម្រាប់ការងាររបស់វា ដែលបានខិតខំស្វែងរកគ្រាប់មីន។

បើយោងតាមអង្គការសប្បុរសធម៌របស់ចក្រភពអង់គ្លេស PDSA បានបញ្ជាក់ថា អង្គការបានប្រគល់ជូនសត្វកណ្ដុរមួយក្បាលនេះ នូវមេដាយមាសសម្រាប់ការលះបង់ជីវិត ដើម្បីបំពេញកាតព្វកិច្ចក្នុងទីតាំង និងការបោសសម្អាតគ្រាប់មីនដ៏គ្រោះថ្នាក់ នៅក្នុងប្រទេសកម្ពុជា។គេបានប៉ាន់ប្រមាណថា មានមីនដល់ទៅ៦លានគ្រាប់ ដែលកប់រាយប៉ាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ ដោយមេដាយមាសរបស់PDSA ត្រូវបានចារឹកដោយពាក្យថា «សម្រាប់សត្វមានសេចក្ដីអង់អាច ឬលះបង់ដើម្បីកាតព្វកិច្ច» ក្នុងចំណោមសត្វទាំង៣០ដែលត្រូវទទួលរង្វាន់ Magawa គឺជាសត្វកណ្ដុរដំបូងគេ។

សូមជម្រាបថា ប្រភេទសត្វកកេរនេះ ដែលមានអាយុ៧ឆ្នាំ ត្រូវបានបណ្ដុះបណ្ដាលដោយអង្គការ Apopo ចំណែកសត្វនានាត្រូវបានបញ្ជាក់ទទួលស្គាល់ បន្ទាប់ពីការបណ្ដុះបណ្ដាលរយៈពេលមួយឆ្នាំ។ រីឯសត្វកណ្ដុរនានា ត្រូវបានបណ្ដុះបណ្ដាលឲ្យស្វែងរកសមាសធាតុគីមីមួយ នៅក្នុងគ្រឿងផ្ទុះ មានន័យថាពួកវាមិនខ្វាយខ្វល់ពីកម្ទេចដែកធម្មតា ហើយអាចស្វែងរកគ្រាប់មីនបានរហ័ស។

ដោយឡែកបើយោងតាមអង្គការ Apopo ក៏បានឲ្យដឹងដែរថា សត្វកណ្ដុរMagawa កើតនិងធំធាត់នៅក្នុងប្រទេសតង់ហ្សានី ដែលមានទម្ងន់១.២គីឡូក្រាម និងមានប្រវែង៧០សង់ទីម៉ែត្រ។ ខណៈពេលដែលវាមានទំហំធំជាងប្រភេទកណ្ដុរឯទៀត Magawa គឺនៅតែតូចនិងស្រាលល្មមដែលវាមិនអាចកៃគ្រាប់មីន ប្រសិនបើវាដើរពីលើគ្រាប់ទាំងនោះ៕ដោយ៖សតារា


ចែករំលែក៖