ភ្នំពេញ៖ បើយោងតាមប្រភពពី(ស្រែខ្មុក) បានបរិយាយឱ្យដឹងថា៖ នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ គឺជាថ្ងៃខួបសោយព្រះទិវង្គតនៃបុគ្គលជាទីគោរពម្នាក់នៃនគរកម្ពុជា គម្រប់៥១ ព្រះវស្សាគត់ ។ បុគ្គលដែលស្មោះស្ម័គ្របំផុតចំពោះសាសនា ចំពោះជាតិ និងចំពោះរាជបល្ល័ង្ក។
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយនៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គស្ដេចចាប់មានអាពាធ និងសោយព្រះទិវង្គតនៅឯព្រះរាជដំណាក់ព្រះអង្គ នាវត្តឧណ្ណាលោម នាយប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩ វេលាម៉ោង២០ និង២០នាទី។
ក្នុងពេលដែលសម្ដេចព្រះសង្ឃរាជសោយទិវង្គតភ្លាមនោះ ព្រះសង្ឃច្រើនអង្គ មានព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ និងព្រះឥន្ទមុនី ឆាយ ថន ជាដើម ព្រមទាំងលោក ម៉ា អុក គិលានុបដ្ឋាក ក៏នៅកំដរជាមួយដែរ មានចិត្តរំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរភាន់ភាំងស្មារតី បានចាត់ការផ្សាយដំណឹងទិវង្គត ដល់ព្រះសង្ឃក្នុងវត្តភ្លាម អង្គខ្លះក៏រត់ទៅប្រគេនដំណឹងនេះដល់ សម្ដេចព្រះពោធិវ័ង្ស។ ព្រះសិរិវិសុទ្ធ ម៉ីយ៉ាំ ក៏ទូរស័ព្ទទៅលោកវេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅព្រះរាជដំណាក់ចម្ការមន ទៅក្រសួងធម្មការ ទៅសាលាក្រុង ទៅស្នងការដ្ឋានប៉ូលីសភ្លាម លោកអង្គខ្លះក៏យកដំណឹងទៅវត្តឯទៀតៗក្នុងក្រុងភ្នំពេញ។
នៅម៉ោង២១កន្លះ នាថ្ងៃទី២៥ ខែកញ្ញា ១៩៦៩ ក្រោយពេលដែលសម្ដេចព្រះសង្ឃរាជទ្រង់សោយព្រះទិវង្គតចំនួន១ម៉ោង សម្ដេចសហជីវិនព្រះប្រមុខរដ្ឋ (ព្រះករុណា ព្រះបរមរតនកោដ្ឋ) ទ្រង់ស្ដេចយាងមកគោរពព្រះបរមសព ដោយទ្រង់ព្រះកន្សែងស្ដាយស្រណោះដល់ព្រះបរមកិច្ចគ្រប់យ៉ាងដែលសម្ដេចព្រះសង្ឃរាជទ្រង់បានបំពេញចំពោះព្រះពុទ្ធសាសនាចំពោះជាតិ និងចំពោះរាជបល្លង្ក ដោយព្រះមហាវិរិយភាពជាប់មិនដាច់ លុះត្រាអវសាននៃព្រះជន្ម។
សម្ដេចសហជីវិនព្រះប្រមុខរដ្ឋទ្រង់មានព្រះរាជបន្ទូលថា សម្ដេចជាព្រះបរមគ្រូនៃខ្ញុំ ព្រះអង្គទ្រង់សោយទិវង្គត ក្នុងពេលកំពុងប្រតិបត្តិការ ហាក់បីដូចជាមេទ័ពបាត់បង់ជីវិតក្នុងសមរភូមិ។
ដំណាលគ្នានេះ សម្ដេចព្រះមហាក្សត្រីយានី ជាអម្ចាស់ជីវិត ក៏ទ្រង់ចាត់អ្នកអង្គម្ចាស់នាយកក្រសួងនានា ក្នុងព្រះបរមរាជវាំង ជាព្រះរាជតំណាងមកថ្វាយបង្គំព្រះបរមសព និងជាហូរហែសេនាមន្ត្រីរាជការធំៗក្នុងព្រះនគរក៏បានយាង និងអញ្ជើញដល់វត្តឧណ្ណាលោម ក្នុងវេលារាត្រី១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញានោះ សុទ្ធតែមានមុខស្រពោន ក្រៀមក្រំគ្រប់ៗគ្នា ដោយសេចក្ដីសោកស្ដាយចំពោះសម្ដេចដ៏ក្រៃលែង បានចូលមកសម្ដែងមរណទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួលចំពោះព្រះបរមសព ដោយគ្រប់គ្នាទាំងអស់។
លំដាប់តមកទៀត ក្នុងពេលរាត្រីនោះរវាងម៉ោង២២-២៣ ចេះតែមានពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ និមន្តអញ្ជើញមកកាន់វត្តឧណ្ណាលោមរជយៗ នាំគ្នាឈរត្រៀបត្រា ពាសពេញដីបរិវេណព្រះរាជដំណាក់ ទាំងអស់លោកអ្នករាជការក្នុងក្រុងភ្នំពេញ មានលោកអ្នកក្រសួងធម្មការជាដើម បាននាំគ្នាមកជាលំដាប់លំដោយ ចូលក្រាបថ្វាយបង្គំគាល់ព្រះបរមសព សុទ្ធតែមានទឹកមុខជ្រប់ស្រពោនស្ទើរតែគ្រប់ៗគ្នា ខ្លះមានជលនេត្រស្រក់សស្រាក់រកហានិយាយស្ដីពុំកើត ពេលជាលំដាប់មកទៀត ចេះតែមានពុទ្ធបរិស័ទ ទាំងគ្រហស្ថ បព្វជិត ធ្វើដំណើរមកកាន់វត្តឧណ្ណាលោម យ៉ាងណែនណាន់តាន់តាប់រហូតទាល់តែភ្លឺ។
ព្រឹកឡើង ថ្ងៃ១៥កើត ខែភទ្របទ (២៦ កញ្ញា) អស់លោកឥស្សរជន បានប្រជុំតាំងគណៈកម្មការមួយបណ្ដោះអាសន្នសម្រាប់ចាត់ការបុណ្យព្រះបរមសពតទៅ និងតម្កល់ទុកតាមផ្លូវការរបស់រាជរដ្ឋាភិបាល រួចបានព្រមព្រៀងយកថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៦៩ ជាកិច្ចធ្វើទក្ខិណានុប្បទាន មានទេសនា និងវេរភត្ត រៀងរាល់យប់ថ្ងៃ ចំនួន៦ខែ ក្រោមព្រះរាជធិបតីភាពនៃសម្ដេចព្រះមហាក្សត្រីយានី និងសម្ដេចព្រះប្រមុខរដ្ឋ រហូតព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះអង្គ នាសម័យសាធារណរដ្ឋខ្មែរ៕
ដោយ៖ សុខ ខេមរា