ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែកដែលរងការខូចខាតដោយសាររូងនាគ

ចែករំលែក៖

ខេត្តតាកែវ៖ រសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង​លោករដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ លោកអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវបានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែកដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។

សូមបញ្ជាក់ជូនថា ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពាន ទ្វាទឹកធំនៃអាងទឹកខ្ពបត្របែក  មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ​ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រធ្វើការជួសជុលរូងនាគដែលមានអង្កត់ផ្ចិតប្រវែង ១,៣ ម៉ែត្រ​ ត្រង់ទីតាំងនោះ , កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនាគបានដោយជោគជ័យនៅពេលកណ្តាលអធ្រាតយប់ថ្ងៃដដែល ,   រហូតមកដល់ពេលនេះនៅសល់តែការងារចាក់បំពេញដី​ និងបង្ហាប់ឲ្យកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ   ។

ក្នុងឱកាសចុះពិនិត្យនោះ រដ្ឋមន្ត្រី បានណែនាំលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងមន្រ្តីបច្ចេកទេស ឲ្យបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ ធ្វើយ៉ាងណាឲ្យការងារជួសជុលបានល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស ដើម្បីធានាក្នុងការរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ៕

ដោយ៖សិលា


ចែករំលែក៖