នៅពេលរដូវរងាជិតមកដល់ ចិន និងឥណ្ឌាក៏បានប្រញាប់បញ្ជូនទាហានចេញពីតំបន់ព្រំដែន ដែលកំពុងតែមានវិវាទរយៈពេលកន្លងមក ។ តំបន់ព្រំដែនដែលប្រទេសទាំងពីរប្រឈមមុខដាក់គ្នា នោះគឺមានកម្ពស់ពីទឹកសមុទ្រដល់ទៅ៤៥០០ម៉ែត្រ និងកង្វះអុកស៊ីហ្សែន អាកាសធាតុធ្លាក់ចុះខ្លាំងនៅក្នុងខែតុលានេះប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពស្នាក់នៅរបស់យោធា។
អ្នកឯកទេសយោធា Zhou Chenming នៅទីក្រុងប៉េកាំង បានលើកឡើងថា កម្លាំងទាហាន អាចប្រឈមនឹងអាកាសធាតុ អាក្រក់ ត្រជាក់ខ្លាំង។ លោក Zhou Chenming បានឲ្យដឹងថាអាកាសធាតុនៅតំបន់ជ្រលងភ្នំ Himalaya ធ្លាក់ចុះដល់ទៅដក៤០អង្សាសេ។ ដូច្នេះពេលរដូវរងាមកដល់ ការរក្សាអាយុជីវិតគឺជារឿងសំខាន់បំផុត។
សកម្មភាពធ្វើឡើង ក្រោយពេលដែលមេទ័ពប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ដោយបានសម្រេច កាត់បន្ថយកម្លាំងទាហាននៅព្រំដែន ក្នុងរដូវរងា បញ្ចៀសផលប៉ះពាល់ ដល់កម្លាំងទាហាន។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត គឺកម្លាំងកាំជ្រួចមីស៊ីលឥណ្ឌាបានបាញ់សាកល្បងមីស៊ីល Prithvi-II ដោយជោគជ័យ។ មីស៊ីលខាងលើអាចបំពាក់ក្បាលគ្រាប់បរមាណូបាន។
មីស៊ីល Prithvi-II ផលិតដោយបច្ចេកវិទ្យាឥណ្ឌាផ្ទាល់ ។ ការបាញ់សាកល្បងមីស៊ីលបានធ្វើឡើងនៅឆ្នេរសមុទ្រ Chandipur ស្ថិតនៅក្នុងស្រុក Balasore ។ មីស៊ីលខាងលើបាញ់បានចម្ងាយដល់ទៅ ២០៨ គីឡូម៉ែត្រ នៅភាគខាងជើង។
មីស៊ីលPrithvi-II អាចបាញ់បានចម្ងាយដល់ទៅ៣៥០គីឡូម៉ែត្រ អាចបំពាក់ក្បាលគ្រាប់មានទម្ងន់ចាប់ពី៥០០ ដល់១០០០គីឡូក្រាម។ កាលពីឆ្នាំ២០១៩ មីស៊ីលខាងលើបានសាកល្បងទទួលបានជោគជ័យ ៕ដោយ៖ធី រីណា