អន្តរជាតិ៖ បន្ទាប់ពីយន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្លងចូលដែនអាកាសតៃវ៉ាន់នាពេលកន្លងទៅ ស្រាប់តែនៅយប់ថ្ងៃទី២៤និង២៥ខែកញ្ញា ឆ្នាំ២០២០នេះ យោធាតៃវ៉ាន បានបាញ់សាកល្បងមីស៊ីលចំនួន២គ្រាប់ ដោយមួយគ្រាប់នៅក្បែរឆ្នេរភាគខាងកើតរបស់ខ្លួននិងមួយគ្រាប់ទៀត ត្រូវបានរំពឹងថា បាញ់សាកល្បងនៅមូលដ្ឋានយោធា Jiupeng ក្បែរឆ្នេរភាគខាងត្បូង ។
តាមការបញ្ជាក់របស់ទីភ្នាក់ងារនេសាទតៃវ៉ាន់ បាននិយាយថា មីស៊ីលនេះហោះបានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ និងធ្លាក់នៅក្នុងសមុទ្របាស៊ីហ្វិក។ យ៉ាងណាក៏ដោយ តៃវ៉ាន់ មិនបានបញ្ជាក់ពីប្រភេទមីស៊ីលនេះទេ។ខណៈដែលប៉ុន្មានថ្ងៃកន្លងមកនេះ យន្តហោះចម្បាំងចិនហោះឆ្វែលជាច្រើនតៃវ៉ាន់បានបញ្ចេញសាច់ដុំវិញ។ ការបាញ់សាកល្បងមីស៊ីលនេះ គឺផ្នែកមួយនេះ កម្មវិធីរបស់វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ដើម្បីតាមដានកម្លាំងរបស់មីស៊ីលទាំងពីរគ្រាប់នេះ។
ជាក់ស្តែងស្ថានការណ៍យោធាតាមច្រកសមុទ្រតៃវ៉ាន់ មួយរយៈចុងក្រោយនេះ ហាក់ដូចជាអាប់អួរខ្លាំង ព្រោះចិនបានធ្វើសមយុទ្ធយោធានិងយន្តហោះចម្បាំងនៅក្បែរច្រកសមុទ្រនេះ។ យន្តហោះចម្បាំងចិនជាច្រើនគ្រឿង និងមានទាំងយន្តហោះទម្លាក់គ្រាប់បែកផងនោះ បានហោះពីលើច្រកសមុទ្រតៃវ៉ាន់។ នេះហាក់ដូចជាបំណងរបស់ចិន ដើម្បីគំរាមតៃវ៉ាន់ ក៏ដូចជាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានទស្សនកិច្ចមកតៃវ៉ាន់នាពេលកន្លងមក។
ដោយឡែកបើតាមការផ្សាយរបស់កាសែត South China Morning Post មន្ត្រីតៃវ៉ាន់ម្នាក់ បានអះអាងថា មីស៊ីល ដែលបានបាញ់នៅយប់ថ្ងៃទី២៤ខែកញ្ញា ទំនងជាប្រភេទ Tien Kung-3 ដែលជាមីស៊ីលបាញ់ពីដីទៅអាកាស ដើម្បីបង្អាក់មីស៊ីលប្រដេញ។ ចំណែកសារព័ត៌មានក្នុងស្រុកតៃវ៉ាន់វិញផ្សាយថា មីស៊ីលនេះ អាចជាមីស៊ីលប្រឆាំងនឹងនាវា Hsiung Feng III ឬ Tien Kung-3 ។
គួររម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅ យោធាតៃវ៉ាន់ក៏បានបាញ់សាកល្បងមីស៊ីលដែរ ប៉ុន្តែមិនបានបញ្ជាក់ពីប្រភេទមីស៊ីលទេ។បន្ទាប់ពីមីស៊ីលនោះ គឺបានបាញ់នៅក្បែរឆ្នេរភាគខាងកើត និងខាងត្បូងរបស់តៃវ៉ាន់៕ដោយ៖ស តារា