ព័ត៌មានទាន់ហេតុការណ៍៖

Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ក្លិប Flamengo បានស្នើសុំសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ពន្យារពេលការប្រកួតរបស់ពួកគេជាមួយ ក្រុមPalmeiras នៅថ្ងៃអាទិត្យបន្ទាប់ពីមានកីឡាករចំនួន១៦នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ម្ចាស់ការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores បានឲ្យដឹងថា ពួកគេមានតែកីឡាករ៩ នាក់ប៉ុណ្ណោះដែលអាចរកចូលលេងសម្រាប់ការប្រកួតជាមួយក្រុម Allianz Parque ក្នុងទីក្រុង Sao Paulo

មេធាវីរបស់ក្លិបលោក Rodrigo Dunshee បាននិយាយនៅក្នុងវីដេអូដែលបានបង្ហោះលើគណនីធ្វីតធ័ររបស់ក្លិប Flamengo ថា នេះគឺជាស្ថានភាពពិសេសមួយ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបញ្ចប់រឿងនេះ ដែលវិធានការត្រឹមត្រូវគឺត្រូវពន្យារពេលការប្រកួតជាការល្អបំផុត”

ការផ្ទុះឡើងជំងឺកូវីដ-១៩នេះកើតឡើងបន្ទាប់ពីការធ្វើដំណើររយៈពេលមួយសប្តាហ៍របស់ក្រុម Flamengo ទៅកាន់ប្រទេសអេក្វាឌ័រសម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa Libertadores ជាមួយនឹងក្រុមIndependiente del Valle និងក្រុម Barcelona SC

បន្ថែមលើកីឡាករដែលឆ្លងជំងឺកូវីដ-១៩នេះ មន្ត្រីក្លិប Flamengo និងបុគ្គលិក រួមទាំងគ្រូបង្វឹកលោក Domenec Torrent បានធ្វើតេស្តរកមេរោគនេះកាលពីសប្តាហ៍មុនផងដែរ ប៉ុន្តែមិនមានសញ្ញាណាមួយឆ្លងនោះទេ

សូមបញ្ជាក់ថា ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ច្រើនជាង១៣៩.០០០នាក់មកដល់បច្ចុប្បន្ន ៕ដោយ៖ភារៈ


ចែករំលែក៖