ខេត្តព្រះសីហនុ ៖ ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត បានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តព្រះសីហនុ គណៈអភិបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ។
ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយមានបទបង្ហាញពីវាគ្មិនសំខាន់ៗអញ្ជើញមកពីក្រសួង ស្ថាប័នជំនាញ លើប្រធានបទសំខាន់ៗដូចជាៈ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) ជាស្នូលប្រជាធិបតេយ្យ គោលការណ៍ទូទៅសម្រាប់ពិនិត្យការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ការចែករំលែកបទពិសោធន៍ទាក់ទងនិងការងារបោះឆ្នោត និងទិសដៅការងារសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ លោក សាយ សំអាល់ មានប្រសាសន៍ថា វេទិកាដែលរៀបចំឡើងនៅពេលនេះ មានសារៈសំខាន់ សម្រាប់មន្រ្តីតាមមូលដ្ឋានខេត្តព្រះសីហនុ ស្វែងយល់កាន់តែច្បាស់អំពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោតនៅក្នុងការត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាឆ្នាំ២០២៣ ។ ជាមួយគ្នានេះលោកប្រធានក្រុមការងារ បានបញ្ជាក់ពីប្រវត្តិនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមការបោះឆ្នោត និងទទួលបានជ័យជំនះរហូតមក ព្រមទាំងមានការបង្រួបបង្រួមជាតិ ការទទួលយករបបសេរីនិយមពហុបក្សអាស្រ័យរដ្ឋធម្មនុញ្ញ ការបញ្ចប់សង្គ្រាម និងនាំនូវសន្តិភាព ជូនប្រទេសកម្ពុជា ដែលមិនធ្លាប់មានរយៈពេល៥០0ឆ្នាំកន្លងមក៕
ដោយ៖ សិលា