អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលអះអាងថា៖ លោកបានប្រមែប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាលថ្មីហើយ ។ ប៉ុន្តែតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន បានលើកឡើងថា ការអះអាងនេះប្រហែលគ្រាន់ជាសារនយោបាយប៉ុណ្ណោះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama បាននិយាយថាលោក មូហ៊ីឌីន យ៉ាស៊ីន និយាយប្រាប់អ្នកគាំទ្រនៅរដ្ឋ Sabah នៅថ្ងៃទី២៥ខែកញ្ញា ម្សិលមិញនេះថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម ពុំបានបញ្ជាក់ច្បាស់ពីចំនួនសមាជិកសភា ដែលគាំទ្រលោកឡើយ ដោយលោកប្រាប់ឲ្យរង់ចាំសិន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama លោកនាយករដ្ឋមន្ត្រីអះអាងថា៖«តែរហូតមកដល់ថ្ងៃនេះ ខ្ញុំខ្លួនឯងក៏ពុំដឹងពីចំនួន ហើយការអះអាងរបស់លោក ប្រហែលជាពិត ឬមិនពិត»។
សូមជម្រាបថា កាលពីថ្ងៃទី ២៣ ខែកញ្ញាកន្លងទៅ លោក អាន់វ៉ា ដែលជាប្រធានសម្ព័ន្ធភាពបក្សប្រឆាំង Pakatan Harapan បានប្រកាសថាលោកទទួលបានសំឡេងគាំទ្រជិត២ភាគ៣នៃសមាជិកសភាសរុបរបស់ម៉ាឡេស៊ីដែលមាន២២២នាក់។ ត្រង់ចំណុចនេះ លោក បានសង្កត់ធ្ងន់ថា ការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសំណាក់សមាជិកសភាម៉ាឡេស៊ីបែបនេះមានន័យថា រដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយនាយករដ្ឋមន្ត្រី មូហ៊ីឌីនយ៉ាស៊ីន បានដួលរលំហើយ។
ទោះបីយ៉ាងណា លោក មូហ៊ីឌីន បានលើកឡើងថា សមាជិកសភានៃបក្សអង្គការជាតិម៉ាឡេរួបរួម (UMNO) ខ្លះ ដែលធ្លាប់អះអាងថាគាំទ្រលោកអាន់វ៉ា ក៏បានបដិសេធគាំទ្រលោកវិញផងដែរ។ បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ប៉ុន្មានថ្ងៃក្រោយការប្រកាសលោក អាន់វ៉ា សមាជិកសភាបក្សUMNO ជាច្រើន បានចេញសេចក្តីថ្លែងការណ៍ច្រានចោលថា ពួកគេពុំស្ថិតក្នុងបញ្ជីគាំទ្រលោកអាន់វ៉ាឡើយ។ម្ល៉ោះហើយទើបលោកសង្ស័យថានេះប្រហែលជាសារនយោបាយប៉ុណ្ណោះ។
ជាក់ស្តែងលោក អាន់វ៉ា កាលពីថ្ងៃទី ២២ ខែកញ្ញាកន្លងទៅ បានកំណត់ពេលចូលគាល់មហាក្សត្រម៉ាឡេស៊ីដើម្បីជជែកពិភាក្សារឿងបង្កើតរដ្ឋាភិបាលថ្មី តែការណាត់ជួបនេះត្រូវបានលុបចោលវិញ ព្រោះតែស្ដេចប្រឈួន ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ យ៉ាងណាមិញ ខាងរាជវាំងម៉ាឡេស៊ី នោថ្ងៃទី ២៥ខែកញ្ញា បានប្រកាសថា ស៊ុលតង់ អាប់ឌុលឡា នឹងមិនអាចយាងជួបនរណាម្នាក់បានឡើយក្នុងពេល១សប្តាហ៍នេះ ខណៈទ្រង់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា លោក មូហ៊ីឌីន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងខែមីនា ក្រោយជាប់គាំងនយោបាយមួយសប្តាហ៍ពេញ នៅពេលលោក មហាធៀ បានសម្រេចលាលែងពីតំណែង។ កាលនោះ លោក មហាធៀបានសម្រេចដើរចេញបែបនេះ ក្រោយលោកមិនពេញចិត្តនឹងអ្នកនយោបាយក្នុងសម្ព័ន្ធភាព Pakatan Harapan ដែលបានប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មីមួយ ជាមួយ UMNO ដែលជាអតីតបក្សកាន់អំណាចចាញ់ឆ្នោតឆ្នាំ២០១៨របស់លោក ណាជីប រ៉ាហ្សាក់ ៕ដោយ៖ស តារា