ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត «ក» កីឡាតេក្វាន់ដូ ITF ដែលមានសិក្ខាកាមចូលរួមចំនួន៣០នាក់ មកពីរាជធានី-ខេត្តចំនួន១១ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីដំណើរការវគ្គសិក្សាអស់រយៈពេល៦ថ្ងៃ ក្រោមការចែករំលែកនូវចំណេះដឹង បទពិសោធន៍ពីលោក រឺ ឆុលណាំ គ្រូអន្តរជាតិកម្រិតខ្សែក្រវាត់ខ្មៅ ៨ដាន់ និងជាប្រធានបច្ចេកទេសកីឡាតេក្វាន់ដូ ប្រចាំទ្វីបអាស៊ី រួមជាមួយគ្រូទ្ទេស លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធ។
លោក បួន លឹមហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់-ដូ ITF មានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាមួយនឹងសមិទ្ធផលថ្មីក្រោមកិច្ចសហការការងាររវាងសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់សហព័ន្ធកីឡាជាតិ ដែលបានផ្តល់ការយកចិត្តទុកដាក់ក្នុងការជួយផ្តល់សេវាបច្ចេកទេសក៏ដូចជាការផ្តល់ថវិកាប្រចាំឆ្នាំដល់សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ក្នុងការពង្រឹង និងពង្រីកសកម្មភាពការងារទាំងការងារបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំការប្រកួតនានា។ ទាំងនេះមិនអាចកាត់ផ្តាច់ចេញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ដ៏ឆ្លៀសវៃរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលផ្តល់ឱកាសពេញលេញដល់យើងទាំងអស់ ក្នុងអភិវឌ្ឍសមត្ថភាពទាំងចំណេះដឹង ជំនាញ និងបច្ចេញទេពកោសល្យដែលខ្លួនមាន ដើម្បីប្រកួតប្រជែង និងកសាងសមិទ្ធិផល ស្នាដៃជាច្រើន ក្នុងកម្រិតតំបន់ ទ្វីប និងកំរិតពិភពលោក តាមរយៈការឈ្នះមេដាយជាច្រើន នាពេលកន្លងមកពីលើឆាកអន្តរជាតិ។
លោកបន្ថែមថា តាមរយៈរបាយការណ៍របស់ លោក អ៊ូ រតនា ប្រធានគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល ចៅក្រម-អាជ្ញាកណ្តាលកំរិត «ក» លោកវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អក្នុងវគ្គបណ្តុះបណ្តាលនេះតាមរយៈការខិតខំប្រឹង សិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញកាន់តែមានគុណភាពខ្ពស់ ក្នុងការកាត់សេចក្តីប្រកបដោយតម្លាភាព និងយុត្តិធម៌ជូនដល់គ្រប់ភាគី ដែលចូលរួមប្រកួត។
លោក បួន លឹមហេងបានផ្តល់ការណែនាំជូនដល់សិក្ខាកាមទាំអស់ថា «ក្នុងនាមជាចៅក្រម-អាជ្ញាកណ្តាល ត្រូវតែមានយុត្តិធម៌ ហើយត្រូវផ្តល់យុត្តិធម៌ដល់ភាគី ដែលចូលរួមប្រកួតទាំងអស់ ដោយត្រូវចងចាំថា មុននឹងកាត់សេចក្តីឲ្យកីឡាករ-កីឡាការិនីឈ្នះ-ចាញ់ យើងជាចៅក្រមអាជ្ញាកណ្តាលត្រូវកាត់ក្តីខ្លួនឯងជាមុនសិនថាតើយើងមានភាពស្មោះត្រង់ជាមួយនឹងការងារដែលខ្លួនកំពុងធ្វើនេះដែរឬទេ? ហើយយើងត្រូវតែប្រាកដប្រជាថា ការងារដែលយើងកុំធ្វើនេះ គឺធ្វើដោយឆន្ទៈ ភាពស្មោះត្រង់ ត្រឹមត្រូវ និងយុត្តិធម៌បំផុត ដែលចេញពីបេះដូងផ្ទាល់របស់ខ្លួនជាអ្នកកាត់សេចក្តី»។ ការកាត់សេចក្តីប្រកបដោយយុត្តិធម៌ គឺជាតម្លៃតបស្នង ដែលទទួលបាននូវពីភាពត្រឹមត្រូវយុត្តិធម៌ពីចៅក្រម-អាជ្ញាកណ្តាលក្នុងពេលកាត់សេចក្តី ដោយអាចរក្សាបាននូវកេរ្តិ៍ឈ្មោះជាអ្នកកាត់សេចក្តីត្រឹមត្រូវ ទទួលនូវការគោរពលើកស្ទួយកេរ្តិ៍ឈ្មោះល្អដល់កីឡាតេក្វាន់-ដូ ITF និងកេរ្តិ៍ឈ្មោះរបស់ព្រឹត្តិការណ៍នៃការប្រកួតនានា ដោយធានាបាននូវសាមគ្គីភាពរវាងគ្រប់ភាគីដែលចូលរួមប្រកួត កាត់បន្ថយហានិភ័យ ក្នុងពេលប្រកួត និងការលើកចិត្តជូនដល់កីឡាករ-កីឡាការិនី ចូលរួមប្រកួតដោយជំនឿទុកចិត្តខ្ពស់ផងដែរ៕
ដោយ ៖ សហការី