ខេត្តសៀមរាប ៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋ២ខ្នង ដែលសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ខូចខាតទាំងស្រុងស្ថិតនៅក្នុងក្រុមទី១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាផ្ទះពលរដ្ឋរងគ្រោះទី១ ម្ចាស់ឈ្មោះ ចាន់ ទាវ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់មាន់អាំងនៅផ្លូវ60ម៉ែត្រ មានប្តីឈ្មោះ ថ្លាន់ សារ៉ាត់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដូចគ្នា រស់នៅកន្លែងកើតហេតុខាងលើ ។
អគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាត ផ្ទះទំហំ៩,៥០ម៉ែត្រ x ២៤ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង , ប្រាក់ដុល្លារ ១០០០$, ខ្សែក មាស ២ខ្សែ ទម្ងន់១,៥ តម្លឹង, គ្រឿងអលង្ការប្លាទីនចម្រុះ ទម្ងន់១,៥តម្លឹង និងសម្ភារប្រើប្រាស់មួយចំនួនធំ។
ចំណែកផ្ទះពលរដ្ឋរងគ្រោះ ទី២ម្ចាស់ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ជាបងប្អូនបង្កើតនឹងម្ចាស់ផ្ទះទី១ រស់នៅកន្លែងកើតហេតុខាងលើ ។
ផ្ទះនេះរងការខូចខាត ផ្ទះទំហំ៩ម៉ែត្រ x២៤ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ត្រូវបានឆេះខូចខាតទាំងស្រុង, ខ្សែកមាស ទម្ងន់១តម្លឹង ចំនួន១ខ្សែ, ខ្សែដៃប្លាទីន ទម្ងន់១តម្លឹង ចំនួន១ខ្សែ, ខ្សែកឈុត ផ្លាទីន ទម្ងន់៣តម្លឹង, ខ្សែដៃប្លាទីន ទម្ងន់៥ជី ចំនួន២ខ្សែ, ប្រាក់ដុល្លារ ចំនួន២០០០$ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ។
ក្នុងការឆាបឆេះនេះដែរ មានរថយន្តអន្តរាគមន៍ពន្លត់ ដោយ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់១២គ្រឿងក្នុងនោះរថយន្ត អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់៣ស៊ីទែន, រថយន្ត អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសៀមរាបចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់២ស៊ីទែន, រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់៤ស៊ីទែន, រថយន្ត អគ្គិភ័យអាជ្ញាធរ អប្សរាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់៣ស៊ីទែនហើយបានពន្លត់រលត់ទៅវិញនៅវេលាម៉ោង១៩និង១០នាទីយប់ ថ្ងៃដដែល ។
បើតាមការសន្និដ្ឋានរបស់ម្ចាស់ផ្ទះទាំង២ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាន់ ទាវ រាលដាលដល់ផ្ទះមួយទៀត៕ដោយ៖ប្រាថ្នា