ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងបានអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ដើម្បីជំរុញឲ្យក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពន្លឿនដោះស្រាយនូវកង្វល់ សំណើសំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ ដែលពិធីនេះប្រារព្ធធ្វើឡេីងនៅស្រុកពាមរក៍នារសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។
ថ្លែងក្នុងពិធីសំណេះសំណាល លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ប្រទេសអោយមានការរីកចម្រើន ក្នុងនោះវិស័យកសិកម្មគឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យនេះអោយមានការីកចម្រើនឡើងដើម្បីថែរក្សាស្ថិរភាពស្បៀងអាហារនិងលើកស្ទូយជីវភាពប្រជាពលរដ្ឋនៅអំឡុងពេលការីករាលដាលជំងឺកូវីដ១៩នៅក្នុងតំបន់និងសកលលោក។
លោកបន្តថា ការខិតខំនេះ បានបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើការដាំដុះស្រូវអោយទាន់ពេលវេលា សម្រាប់ចិញ្ចឹមគ្រួសារ និងសម្រាប់លក់ផ្តត់ផ្គង់ជីវភាពរស់នៅអោយមានជីវភាពល្អប្រសើរ។
លោកបណ្ឌិតបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុករួមសហការគ្នា បន្តចុះអប់រំផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចេះថែរក្សាសុខភាពដោយខ្លួនឯង បើទោះបីជាកម្ពុជា មានអត្រាឆ្លងកូវីដ-១៩ទាប តាមរយៈការប្រុងប្រយ័ត្នគ្រប់ពេល សូមកុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះជំងឺនេះ គឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ហើយអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន នោះ គឺឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើម៉ាស់អោយបានជាប្រចាំ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរស្រុក-ឃុំ-ភូមិ លោកគ្រូអ្នកគ្រូពេទ្យ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលខិតខំបំពេញការងារសុខាភិបាលយ៉ាងសស្រាក់សស្រាំនាពេលកន្លងមក ក៏ដូចជាត្រូវបន្តការងារផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ពិសេសបន្តរួមគ្នា ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដើម្បីកុំឲ្យជំងឺនេះ មានការឆ្លងដល់សហគមន៍។
ការឃ្លាតឆ្ងាយពីក្រុមគ្រួសារមួយរយៈក្នុងអំឡុងពេលធ្វើចត្តាឡឺស័ករបស់ក្រុមគ្រូពេទ្យប្រចាំការគឺជាការលះបង់ផង ជាកាតព្វកិច្ចផង និងការស្ម័គ្រចិត្តផង។ ដូចនេះ គ្រប់សកម្មភាពរបស់យើង ត្រូវមានការលើកទឹកចិត្តចំពោះអ្នកជំងឺ និងគ្រូពេទ្យ ពិសេសចំពោះគ្រូពេទ្យ រួមទាំងអ្នកពាក់ព័ន្ធផង ត្រូវមានការទទួលខុសត្រូវខ្ពស់ណាស់ទើបការធ្វើចត្តាឡឺស័កនេះ ទទួលបានជោគជ័យ៕ដោយ៖សិលា