ព័ត៌មានទាន់ហេតុការណ៍៖

ទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ គម្រោងផ្លូវដែកធុនស្រាលដោយគាំទ្រពីជប៉ុន ត្រូវប្រធានាធិបតីស្រីលង្កាបញ្ជាឲ្យលុបចោល

ចែករំលែក៖

អន្តរជាតិ៖ គម្រោងផ្លូវដែកធុនស្រាលមានតម្លៃ ,៥ពាន់លានដុល្លារ ដែលគាំទ្រផ្នែកហិរញ្ញវត្ថុប្រទេសជប៉ុន ដោយកិច្ចព្រមព្រៀងផ្លូវដែកនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន ក៏ត្រូវប្រធានាធិបតីស្រីលង្កាបច្ចុប្បន្នលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ចេញបញ្ជាឲ្យលុបចោលនូវគម្រោងផ្លូវដែកនេះ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីស្រីលង្ការូបនេះ បានអះអាងថា គម្រោងនេះ ពុំមែនជាដំណោះស្រាយតម្លៃល្អសម្រាប់ទីក្រុងកូឡុំបូ ដែលកកស្ទះចរាចរណ៍ខ្លាំងឡើយ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP និយាយថា លោកប្រធានាធិបតី ហ្គោតាបាយ៉ា រាចាប៉ាក់សា ដែលបានឡើងកាន់តំណែងកាលពីឆ្នាំមុន បានបញ្ជាឲ្យក្រសួងដឹកជញ្ជូនស្រីលង្កាលុបចោលគម្រោងនេះហើយបិទការិយាល័យអនុវត្តគម្រោងនេះភ្លាមៗតែម្ដង។ទីប្រឹក្សាជាន់ខ្ពស់ម្នាក់របស់លោកប្រធានាធិបតី បញ្ជាក់បែបនេះក្នុងលិខិតផ្ញើទៅកាន់ក្រសួងនៅថ្ងៃទី ២៤ ខែកញ្ញា។ ចំពោះកិច្ចព្រមព្រៀងផ្លូវដែកនេះ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលមុន គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្នែកហិរញ្ញវត្ថុដោយបរទេសធំបំផុតមួយក្នុងប្រទេសស្រីលង្កា ហើយត្រូវបានមើលឃើញជាសញ្ញាដែលប្រជាជាតិមួយនេះ ចង់កាត់បន្ថយការពឹងផ្អែកខ្លាំងតែទៅលើប្រទេសចិន។

បើមែនទែនទៅ ផែនការលម្អិតសម្រាប់គម្រោងផ្លូវដែកក្នុងរដ្ឋធានី កូឡុំបូដែលមានបញ្ហាកកស្ទះចរាចរណ៍អាក្រក់បំផុតមួយក្នុងតំបន់អាស៊ីខាងត្បូងបានបញ្ចប់រួចរាល់ ហើយការសាងសង់ជំហានដំបូង ក៏បានចាប់ផ្ដើមផងដែរ។ ចំណែក អត្រាការប្រាក់នៃកម្ចីជប៉ុននេះគឺស្មើ,១ភាគរយ ហើយអាចសងក្នុងចន្លោះពេល៤០ឆ្នាំ។

ដោយឡែកជុំវិញបញ្ហាលុបចោលគម្រោងនេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ពុំទាន់មានការឆ្លើយតបវិញឡើយ។កាលពីខែមីនា ឆ្នាំ២០១៩ ទីភ្នាក់ងារ JICA ប្រចាំប្រទេសស្រីលង្កា បានផ្ដល់កម្ចី២៨៥លានដុល្លារដើម្បីផ្គត់ផ្គង់ការកសាងផ្លូវដែកធុនស្រាលនេះក្នុងដំណាល់កាលទី១។ បច្ចេកវិទ្យាទំនើបៗរបស់ជប៉ុន រំពឹងថានឹងយកប្រើប្រាស់ក្នុងប្រព័ន្ធផ្លូវដែកនេះ ដែលមាន១៦ស្ថានីយ៍ និងប្រវែង១៥,៧គីឡូម៉ែត្រ។

គួររម្លឹកផងដែរថា ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ម៉ាហ៊ិនដា រាចាប៉ាក់សា ដែលជាបងប្រុសបង្កើតរបស់ប្រធានាធិបតីបច្ចុប្បន្នស្រីលង្កាបានខ្ចីលុយរាប់ពាន់លានដុល្លារពីចិនផ្គត់ផ្គង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារួមមាន កំពង់ផែ ផ្លូវល្បឿនលឿន និងផ្លូវដែក ជាដើម។ក៏ប៉ុន្តែ គម្រោងមួយចំនួនដែលពុំសូវផ្ដល់ផលចំណេញច្រើន បានធ្វើឲ្យប្រទេសមួយនេះប្រឈមការផុងខ្លួនក្នុងអន្ទាក់បំណុល ជាពិសេសជាមួយចិន ព្រោះជាក់ស្តែង ដោយសារគ្មានលទ្ធភាពសងបំណុល រដ្ឋាភិបាលស្រីលង្កា បានជួលកំពង់ផែនៅក្រុង Hambantota ទៅឲ្យក្រុមហ៊ុនចិនកាន់កាប់ក្នុងតម្លៃ១,១២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៧ មកម្លេះ៕ដោយ៖ស តារា


ចែករំលែក៖