ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូហ្កា និងលោក ស៊ី ជិនពីង ឯកភាពគ្នាបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីរក្សាសន្តិភាពប្រទេសទាំងពីរ

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide )នៅថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះថា៖លោកបានយល់ព្រមជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងការបន្តរក្សាកិច្ចពិភាក្សាកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែករក្សាស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងបទអត្ថាធិប្បាយ ដែលចាក់ផ្សាយដោយទូរទស្សន៍ NHK នៅថ្ងៃសៅរ៍ទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ូហ្កា បានលើកឡើងយ៉ាងដូច្នេះថា៖«ទំនាក់ទំនងមានស្ថិរភាពគឺជាភាពចំបាច់ មិនត្រឹមតែ សម្រាប់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងសហគមន៍អន្តរជាតិទាំងមូល។ដូច្នេះហើយ ខ្ញុំចង់បំពេញនូវទំនួលខុសត្រូវនេះ»

ដោយឡែកលោកប្រធានាធិបតីចិន ស៊ី ជិពីង ក៏បានគូសបញ្ជាក់ដែរថាប្រទេសចិន និងជប៉ុន បានចែករំលែកផលប្រយោជន៍រួមយ៉ាងទូលំទូលាយហើយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរមានវិសាលភាពធំទូលាយណាស់។ បន្ថែមពីនេះលោកស៊ី បានសង្កត់ធ្ងន់ថាប្រទេសចិនសង្ឃឹមថាភាគទាំងពីរនឹងរួមគ្នារដើម្បីរក្សាខ្សែចង្វាក់ផលិតកម្មឲ្យមានស្ថិរភាព និងបរិយាកាសវិនិយោគ បើកចំហ និងស្មើភាពគ្នា។

សូមជម្រាបថា លោក ស៊ូហ្កា ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅក្នុងខែកញ្ញានេះ ដោយមិនសូវមានបទពិសោធការទូត ត្រូវតែរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដែលធំជាងខ្លួន ខណៈដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកំពុងតែកើនឡើងចំពេលជំងឺCOVID-19 នៅតែបន្តរីករាលដាល និងជាពិសេសសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ ក៏បាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏កំពុងមានជម្លោះជាមួយចិនដែរជុំវិញសិទ្ធិគ្រប់គ្រងប្រជុំកោះ នៅក្នុងសមុទ្រចិនខាងកើត ហើយក៏បានបង្ហាញការព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពយោធាចិននៅក្នុងតំបន់។

ចំណែកឯទស្សនកិច្ចផ្លូវការរបស់លោកស៊ី ជិពីង ទៅកាន់ ប្រទេសជប៉ុនកាលពីដើមឆ្នាំនេះត្រូវបានលុបចោលវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺCOVID-19 ប៉ុន្តែលោក ស៊ូហ្កា មិនបានពិភាក្សាអំពីការកំណត់ពេលវេលាសារ ជាថ្មីនៃដំណើរទស្សនកិច្ចឡើងវិញ កំឡុងកិច្ចសន្ទានជាមួយលោកស៊ី នោះទេ៕ដោយ៖ស តារា


ចែករំលែក៖