ខេត្តប៉ៃលិន ៖ បន្ទាប់ពីស្ត្រីម្នាក់ ក្នុងចំណោមពលករចំនួន១១នាក់ ឆ្លងដែនពីទឹកដីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរត្រូវបានទឹកកួចលិចបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃរហូតមកដល់វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពនៅក្នុងចំណុចដីចម្ការក្រូចមួយកន្លែង ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាប់នឹងអូរទឹកដីថៃ ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ៖ បន្ទាប់ពីប្រជាពលរដ្ឋដើរទៅមើលចម្ការរបស់ខ្លួនបានប្រទះឃើញសពស្ត្រីរងគ្រោះខាងលើក៏បានផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច្ច ដើម្បីចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សូមបញ្ជាក់ថា ៖ ស្ត្រីជាពលករខ្មែរម្នាក់ បានបាត់ខ្លួនដោយរសាត់តាមទឹកអូរដែលកំពុងជន់ឡើងហូរខ្លាំងខណៈបុរសស្ត្រី១១នាក់ឆ្លងដែនពីប្រទេសថៃចូលមកក្នុងទឹកដីប្រទេសខ្មែរស្រាប់តែជួបគ្រោះអកុសលគួរឱ្យអាណោចអាធ័មបែបនេះ កាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទីសៅរ៍ ២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចល្បាតទី១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពបញ្ជាក់ថា ៖ នៅល្ងាចថ្ងៃកើតហេតុគេឃើញពលករខ្មែរចំនួន១១នាក់ ឆ្លងដែនថៃ ខណៈទឹកអូរដែលកំពុងជន់ ពីប្រទេសថៃ ដោយឆ្លងផុតបានចំនួនតែ០៩នាក់ និងម្នាក់ទៀតនៅត្រើយខាងប្រទេសថៃនៅឡើយ ។
ជនរងគ្រោះ ដែលហូរទៅតាមទឹកមាន ឈ្មោះ សេង ស្រីម៉ៅ ភេទស្រី អាយុ ៤០ឆ្នាំ មានស្រុកកំណើត រស់នៅភូមិស្វាយមាស សង្កាត់កណ្តាលជ្រុំ ក្រុងសួង ខេត្តត្បូងឃ្មុំ ដោយក្នុងពេលឆ្លងអ្នកចម្លងតាមចានដែកអស់ដៃព្រោះទឹកហូរបុកខ្លាំង ក៏ប្រលែងចានដែកចោល ដែលជនរងគ្រោះកំពុងជិះពីលើ បណ្តាលក្រឡាប់ចានដែកលិចទៅក្នុងទឹកហូរកួចយកទៅបាត់តែម្តង ។ ចំណែកប្តីជនរងគ្រោះ ឈ្មោះ ហោ ឆេន អាយុ៤៣ឆ្នាំ (នៅត្រើយម្ខាងខាងប្រទេសថៃ) មានកូនស្រីឈ្មោះ ឆេន ដានេត អាយុ១៥ឆ្នាំ (បានឆ្លងផុតមកខាងខ្មែរ) ៕ ដោយ ៖ស សារ៉េត