តាមតួលេខបង្ហាញឲ្យឃើញថា ចំនួនទាហានអាមេរិកធ្វើអត្តឃាត កើនឡើងខ្ពស់ជាងឆ្នាំ២០១៩ ដល់ទៅ២០ភាគរយ ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ នៅលើពិភពលោក។
មន្ត្រីកម្លាំងទាហានជើងគោកអាមេរិក លោកRyan McCarthy បាននិយាយទៅកាន់សារព័ត៌មាន AP ថា« យើងមិនអាចនិយាយ តាមបែបវិទ្យាសាស្ត្រ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅពេលនេះគឺបញ្ហាសុខភាពគឺជាហេតុផលបណ្តាលឲ្យទាហានធ្វើអត្តឃាតច្រើន។ ចាប់តាំងពីកូវីដ-១៩ ផ្ទុះឡើងគឺមានពលទាហានអាមេរិកធ្វើអត្តឃាតកើនឡើងខុសពីធម្មតា។ ទាំងនោះហើយយើងអាចបញ្ជាក់បានថា កូវីដ១៩ជាដើមហេតុ»។
ជាក់ស្តែង កម្លាំងទាហានអាមេរិក ធ្វើអត្តឃាតកើនឡើងខ្ពស់ ក្នុងនោះមានកម្លាំងទាហានជើងគោក២០ភាគរយ ទាហានជើងទឹក១០ ភាគរយ ។ ដោយឡែកកម្លាំងទាហានអាកាសមានចំនួនទាហានធ្វើអត្តឃាតប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ។
លោកCharles Brownមេបញ្ជាការកម្លាំងទាហានអាកាសអាមេរិកបានលើកឡើងថា ការប្រឈមមុខតានតឹង ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ជាមូលហេតុបណ្តាលឲ្យមានចំនួនទាហានធ្វើអត្តឃាតកើនឡើងខ្ពស់។
មេបញ្ជាការកងទ័ពជើងគោកអាមេរិក ឧត្តមសេនីយ៍James McConville បានបញ្ជាក់ថា
« កាលពី៤ឆ្នាំមុន យើងបានផ្តោតទៅលើការត្រៀមលក្ខណៈសម្រាប់ ធ្វើសង្គ្រាម ទាំងនោះហើយបានធ្វើឲ្យកម្លាំងទាហានមិនមានការធុញថប់រហូតឈានដល់ការធ្វើអត្តឃាតនោះ។ ប៉ុន្តែ នៅឆ្នាំនេះ កម្លាំងទាហានមានត្រូវកាត់ផ្តាច់ការប្រមូលផ្តុំជួបជាមួយគ្រួសារដែលជាហេតុមួយបណ្តាលឲ្យមានទាហានធ្វើអត្តឃាតកើនឡើងខ្ពស់ផងដែរ៕ដោយ៖ធី រីណា