ភ្នំពេញ ៖បុរសជាជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលសហការជាមួយសន្តិសុខ ធ្វើការឃាត់ខ្លួនខណ,លួចម៉ូតូគេបានសម្រេចហើយតែរត់មិនរួចហើយក៏សំរេចចិត្តលោតចូលទឹកទន្លេបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០នៅចំណុចបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ សន្តិសុខកោះពេជ្រ ស្នាក់នៅផ្ទះគ្មានលេខ ភូមិក្បាលកោះ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា។
ជនសង្ស័យឈ្មោះ ធី ស៊ីណាត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៩០៥ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវឃាត់ខ្លួនពីបទលួចម៉ូតូ ។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ បានឱ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលបានល្បាតក្នងមូលដ្ឋានជាពិសេសតំបន់ដែលមានភ្ញៀវចេញចូលច្រើន លុះមកដល់បរិវេណកោះពេជ្របានឮសម្រែកផ្អើលឆាឡោដេញចាប់ចោរលួចម៉ូតូ។ដោយឃើញស្ថានភាពមិនស្រួលជនសង្ស័យបានលោតចូលដៃទន្លេសាប ហើយសមត្ថកិច្ចក៏បានលួងលោមជនសង្ស័យឱ្យឡើងលើគោកវិញជៀសវាងមានគ្រោះលង់ទឹកស្លាប់និងធានាហាមមិនឱ្យគេវាយដំនោះទេ។ប្រហែល១០នាទីក្រោយមកជនសង្ស័យព្រមឡើងមកលើគោកវិញ ហើយឱ្យនគរបាលដាក់ខ្នោះតាមសម្រួលនិងបាននាំមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរបន្ត ។
ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌចំការមនជាបណ្ដោះអាសន្នសិន ៕ដោយ៖ជីណា